(បាត់ដំបង)៖ សហគមន៍កសិកម្ម ដាំបន្លែសុវត្ថិភាពចំនួន២ គឺសហគមន៍កសិកម្ម «តាសីសាមគ្គី» ឃុំតាម៉ឺនស្រុកថ្មគោល និងសហគមន៍កសិកម្ម«អាងកំពីងពួយ» ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន «ដាវ៉ាន់» ដែលជាក្រុមហ៊ុនប្រមូលទិញទិន្នផលបន្លែពីកសិករ ដើម្បីជួយគាំទ្រដល់កសិករ ដែលជាសមាជិក សហគមន៍កសិកម្ម។

ពិធីនេះប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោក ឆេង មករា នាយកប្រតិបត្តិក្រុមហ៊ុន «ដាវ៉ាន់» , តំណាងអង្គការ VSO, លោក សួង ហុក តំណាងសហគមន៍កសិកម្ម និងជាប្រធានសហគមន៍ដាំបន្លែ អាងកំពីងពួយ និងមានការចូលរួមពីសំណាក់អនុប្រធានមន្ទីរកសិកម្ម មន្រ្តីពាក់ព័ន្ធ និងសមាជិក សហគមន៍ទាំង២ មួយចំនួនចូលរួមផងដែរ។

តំណាងអង្គការ VSO បានលើកឡើងពីគោលបំណងក្នុងកាជួយសម្របសម្រួលប្រមូលទិញកសិផលកសិកម្មគ្រប់ប្រភេទពីកសិករ នៅតាមសហគមន៍នានាកន្លងមក ដោយបានសហការ សម្របសម្រួល ជាមួយដៃគូរពាក់ព័ន្ធនឹងការងារកសិកម្ម និងការងារផ្សេងទៀត។

អង្គការ VSO មានវត្តមាននៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១ មកដល់បច្ចុប្បន្ន ដែលចូលរួមក្នុងការអភិវឌ្ឍន៍តាមរយៈអ្នកស្ម័គ្រចិត្តជាតិនិងអន្តរជាតិ លើវិស័យអប់រំ និងលើក កម្ពស់ជីវភាព រស់នៅប្រជាពលរដ្ឋក្រីក្រ តាមជនបទដែលជួបប្រទះបញ្ហាទីផ្សារ ជាពិសេសនាពេលអំឡុងកូវីដ-១៩នេះ ព្រមទាំងជួយគាំទ្រ ដល់កសិករតាមរយៈសហគមន៍កសិកម្ម ដោយមានកិច្ចសហការ ជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ដើម្បីសម្រេចគោលបំណងគម្រោង និងគាំទ្រគោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ឆេង មករា ប្រធានក្រុមហ៊ុន «ដាវ៉ាន់» ក៏បានធ្វើកិច្ចសន្យាប្រមូលទិញជំហ៊ានដំបូង គឺទិញពីសហគមន៍«អាងកំពីងពួយ» បន្លែ ចំនួន៣១មុខ។ ចំណែកសហគមន៍តាសីសាមគ្គី មានចំនួន៣មុខ។

លោក ឈឹម វជិរា បានឱ្យដឹងថា បច្ចុប្បន្នស្រូវ អង្ករ យើងមានពេញដោយមិនមានការខ្វះ ខាតក្នុងផ្គត់ផ្គង់ក្នុងស្រុកនោះឡើយក្នុងនោះដែរ មន្ទីរជំនាញក៏បានគ្រោងការផលិតដំណាំបន្លែ សុវត្ថិភាពឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទាំងស្រុក និងការនាំចេញចែកចាយទៅលក់លើទីផ្សារក្រៅស្រុក ឱ្យបានគ្រប់ គ្រាន់ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាងទៀតផង។

លោក ឈឹម វជិរា បានបញ្ជាក់ថា នៅតាមសហគមន៍នានាក្នុងស្រុក ពិសេសក្នុងខេត្តបាត់ដំបង កាន់តែមានភាពរីកចំរើនខ្លាំងទាំង គុណភាព និងបរិមាណតាមរយ:ការដាំបន្លែ ក្នុងផ្ទះសំណាញ់ដែលបានជួយការពារដំណាំបន្លែ ក្នុងផ្ទះសំណាញ់មានអត្ថប្រយោជន៍ល្អ ចៀសវាងសត្វល្អិតបំផ្លាញ កាត់បន្ថយ ឬមិនការប្រើជីថ្នាំគីមីបាន១០០% ហើយជាការទំនុកចិត្ត ដល់អ្នកប្រើប្រាស់ផ្ទាល់ផង។

ប្រធានមន្ទីរជំនាញ អំពាវនាវសហគមន៍ និងក្រុមហ៊ុនប្រមូលទិញ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា រវាងអ្នកដាំដុះ និងអ្នកប្រមូលទិញ យកទៅវេចខ្ចប់ តាមលក្ខណៈបច្ចេកទេសប្រកបដោយមានអនាម័យខ្ពស់ ជាទីទុកចិត្តដល់អ្នកទិញយកទៅបរិភោគប្រ ចាំថ្ងៃ មិនតែប៉ុណ្ណោះ មន្ទីរជំនាញមានគម្រោងជំរុញឱ្យកសិករចិញ្ចឹមមាន់ស្រែនិងចិញ្ចឹមសត្វផ្សេងៗទៀត ដើម្បីលក់ផ្គត់ផ្គង់លើទីផ្សារ។

លោកបានបន្ថែមទៀតថា ដោយសារកសិករមានការយល់ដឹងកាន់តែច្បាស់ ធ្វើឱ្យកសិករនាំគ្នាផលិតដំណាំបន្លែក្នុងស្រុក រីកចម្រើនខ្លាំងឈានដល់សហគមន៍ដាំបន្លែ និងក្រុម
ហ៊ុននានា បានព្រមព្រៀងធ្វើ និងចុះកិច្ចសន្យាជា មួយគ្នាក្នុងការផ្គត់ផ្គង់កសិផល និងការប្រមូលទិញ ពីសហគមន៍ផងដែរ៕