(ភ្នំពេញ)៖ យោងតាមស្ថានភាព នៃការរីករាលដាល និងករណីស្លាប់ដោយសារជំងឺ COVID-19 នៅលើពិភពលោកក៏ដូចជា ក្នុងតំបន់នៅតែបន្តកើនឡើង គួរឲ្យព្រួយបារម្ភ ទោះបីជាស្ថានភាព នៃការរាតត្បាតជំងឺ COVID-19 នៅកម្ពុជាមានសភាពធូរស្រាល ដោយមានអ្នកជំងឺជាសះស្បើយស្ទើរទាំងស្រុង និងពុំមានករណីឆ្លងថ្មី នាពេលថ្មីៗនេះក្ដី ក៏សភាពការណ៍ដ៏គួរអបអរសាទរនេះ ស្ថិតក្នុងដំណាក់កាលផុយស្រួយនៅឡើយ។

អនុវត្តតាមសេចក្តីណែនាំជាថ្មី របស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ព័ជើងគោក លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ សូមធ្វើការណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានរបស់កងពលតូចលេខ៧០ទាំងអស់ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែស និងមិនត្រូវមើលស្រាលស្ថានការណ៍នៃជំងឺ COVID-19 នេះឡើយ។

គ្រប់កងឯកភាពទាំងអស់ចំណុះកងពល ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្ដីណែនាំលេខ០០៤/ស.ណ.ន ២០២០ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ របស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្ដីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ COVID-19៕