(បាត់ដំបង)៖ បន្ទាប់ពីបានចម្លើយសារភាពពីបក្ខពួករួចមក កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត  និងរឹបអូសបាន វត្ថុតាងមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្តចាត់ការតាមច្បាប់។

លោក សុខ និមល នាយស្តីទីការិយាល័យ ប្រឆាំងគ្រឿងញៀននគរបាល ខេត្តបាត់ដំបងបានឲ្យដឹងថា ដោយយោងតាមចម្លើយសារភាព របស់បក្ខពួកជនសង្ស័យ២នាក់រួចមក កម្លាំងយើងបានឈានទៅឃាត់ខ្លួន២នាក់ទៀត នៅវេលាម៉ោង១៤និង២០នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី១៤ ភូមិ-ឃុំសំរោង ស្រុកឯកភ្នំ។ ជនសង្ស័យទាំង២នាក់រួមមាន ទី១ឈ្មោះ ឈុន សាគី ហៅការីមសឹកគី អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំសំរោង ស្រុកឯកភ្នំ និងទី២ឈ្មោះ អ៊ី រីដាវ៉ាន់ ហៅស្វិត អាយុ២៣ឆ្នាំ រស់នៅ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ព្រមទាំងរឹបអូសបាន ម៉ាទឹកកក១ ថង់ស្មើ១២.១២ក្រាម យ៉ាម៉ា២៧គ្រាប់ និងសម្ភារមួយចំនួនទៀត នាំយកមកការិយាល័យជំនាញ ដើម្បីសាកសួរបន្ត។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀន ពិតប្រាកដមែន។ បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕