(ភ្នំពេញ)៖ កម្ពុជា នឹងអនុវត្តវិធានការមិនផ្ដល់ទិដ្ឋាការស្នាក់នៅបន្ដ ចំពោះជនបរទេសណាដែលគ្មានបញ្ជីឈ្មោះ ក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ។

នេះបើយោងតាមលិខិតរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្ដោប្រវេសន៍ ផ្ញើទៅកាន់ស្នងការនគរបាលរាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

វិធានការនេះ ធ្វើឡើងក្នុងគោលដៅជំរុញអនុវត្តឲ្យមានប្រសិទ្ធភាព សេចក្ដីណែនាំលេខ០២៨ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានជំរុញស្នងការរាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំនេះជូនដល់ ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ ឲ្យធ្វើសេចក្ដីរាយការណ៍អំពីវត្តមានជនបរទេស ដែលបានមកស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួន ទៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ដើម្បីទទួលបានការអនុញ្ញាត ឲ្យបន្ដរយៈពេលស្នាក់នៅ៕