(កណ្តាល)៖ ក្រុមឈ្មួញកណ្តាល (អ្នកគួកជេដី) បានប្រើល្បិចដោយយកប្រជាពលរដ្ឋខ្លះធ្វើជាខែល ដើម្បីទន្ទ្រានយកដីអាងទឹកទួលពន្រៃជាង ១០០ហិកតា នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ប្រជាពលរដ្ឋដែលមានដីនៅទីនោះ បានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញចាត់វិធានការជាបន្ទាន់ទៅលើក្រុមឈ្មួញកណ្តាលទាំងនេះ។

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ដែលទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ បានឲ្យដឹងថា ក្រុមឈ្មួញទាំងនេះ បាននិងកំពុងដើរទិញដីទាំងនេះពីប្រជាពលរដ្ឋ ប៉ុន្តែបានប្រគល់ត្រឹមតែប្រគល់លុយកក់ប៉ុណ្ណោះចំនួន ២០ភាគរយ ហើយលុយដែលនៅសល់មិនបានប្រគល់ជូនទៀតឡើយ គឺធ្វើគ្រប់គ្នាបែបនេះតែម្តង មិនដឹងថាតើពួកគេយកកិច្ចព្រមព្រៀងត្រឹម២០ភាគទាំងនេះទៅរត់ការធ្វើអ្វីទៀតនោះទេ។

ជាមួយគ្នានេះ ក្រុមឈ្មួញ ថែមទាំងបានបញ្ចុះតម្លៃដីរហូតទៅដល់មួយហិកតាមកត្រឹម ១ម៉ឺនដុល្លារទៀតផង ខណៈទីផ្សារដីនៅតំបន់នោះមានតម្លៃមួយហិកតាមិនក្រោម ៤ម៉ឺនដុល្លារនោះឡើយ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា «ការប្រើល្បិចនោះ ត្រូវបានប្រជាពលរដ្ឋទម្លាយឲ្យដឹងថា ក្រុមអ្នកគួកជេដីបានយកឈ្មោះប្រជាពលរដ្ឋធ្វើជាខែល តាមរយៈទិញដីពីពួកគាត់ប្រគល់តែលុយកក់ ហើយបង្គាប់ឲ្យពួកគាត់ផ្តិតមេដៃលើលិខិតកិច្ចសន្យាទិញលក់ផ្តាច់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដោយមិនមានសរសេរខ្លឹមសារនៅលើលិខិតនោះទេ»

លិខិតប្រគល់ប្រាក់កក់ ក្រុមអ្នកគួកជេដី បានសរសេរបំពេញកិច្ចសន្យាត្រឹមត្រូវ ហើយប្រគល់ឲ្យភាគីម្នាក់មួយសន្លឹក។ ចំណែកលិខិតទិញលក់ដីផ្តាច់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលក្រុម អ្នកគួកជេដី បង្គាប់ឲ្យប្រជាពលរដ្ឋផ្តិតមេដៃដោយមិនមានសរសេរបំពេញនោះឡើយ ហើយក្រុមអ្នកគួកជេដីទាំងនេះ មិនបានប្រគល់ឲ្យប្រជាពលរដ្ឋភាគីអ្នកលក់ដីទេដោយពួកគេនិយាយថា យកទៅដើម្បីឲ្យក្រុមហ៊ុនសរសេរបំពេញសំណើសុំធ្វើប័ណ្ណ។

ត្រង់ចំណុចនេះហើយ ដែលជាល្បិចរបស់ក្រុមឈ្មួញដោយយកប្រជាពលរដ្ឋជាខែល ដើម្បីលេបយកដីអាងទឹកទួលពន្រៃជាដីរបស់រដ្ឋធ្វើជាដីកម្មសិទ្ធិស្របច្បាប់នោះ។ មូលហេតុដែលក្រុមហ៊ុន ធ្វើដូច្នេះគឺស្របតាមលោក ទី សុគន្ធ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រាំងយ៉ូវ ធ្លាប់បានប្រកាសថា លោកនឹងស្នើសុំទៅក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ឲ្យជំរុញធ្វើប័ណ្ណ កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ។

ប្រជាពលរដ្ឋមួយចំនួនទៀត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា បញ្ហាដែលពួកគាត់កំពុងព្រួយបារម្ភនោះ គឺក្រុមអ្នកគួកជេដីបានទិញដីពីប្រជាពលរដ្ឋនៅចំណុចអាងទឹកទួលពន្រៃនេះ ក្នុងមួយហិកតាចាប់ពី ៤ទៅ ៦ម៉ឺនដុល្លារ ដោយប្រគល់តែលុយកក់20% (ម្ភៃភាគរយ) នៅដំណាក់កាលលើកទី១ ហើយបានសន្យារយៈពេលមួយខែ នឹងប្រគល់ប្រាក់ ៤០% (សែសិបភាគរយ ) បង្គ្រប់៦០% (ហុកសិបភាគរយ) ជាដំណាក់កាលលើកទី២ និងមួយខែទៀតប្រគល់លុយផ្តាច់គ្រប់១០០% (មួយរយភាគរយ) តែម្តងជាដំណាក់កាលទី៣។

ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចសន្យាបានផុតកំណត់ បើគិតរយៈពេលអ្នកលក់មុន និងលក់ក្រោយខ្លះផុតកំណត់ជាងកន្លះឆ្នាំទៅហើយ បែរជាក្រុមហ៊ុនមិនត្រឹមតែមិនបានប្រគល់លុយ តាមកិច្ចសន្យាទេ ថែមទាំងបញ្ចុះតម្លៃក្នុងមួយហិកតា១០០០០$ (មួយម៉ឺនដុល្លារ) ទៀតផង។

ប្រជាពលរដ្ឋបញ្ជាក់ថា បញ្ហាទាំងនេះហើយដែលធ្វើឲ្យពួកគាត់កំពុងបារម្ភខ្លាំង គឺទី១-ព្រួយបារម្ភខ្លាចនៅពេលដែលពួកគាត់យល់ព្រមបញ្ចុះតម្លៃហើយ ក្រុមហ៊ុននៅតែមិនព្រមប្រគល់លុយគ្រប់ និងទី២-ខ្លាចបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនយកដីធ្លីរបស់ពួកគាត់ ទៅលក់បន្តឲ្យក្រុមហ៊ុនផ្សេងទៀត ពីព្រោះពួកគាត់បានផ្តិតមេដៃលើលិខិតទិញលក់ផ្តាច់ដី និង លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីរួចទៅហើយ។

ពាក់ព័ន្ធនឹងករណីនេះ មេឃុំក្រាំងយ៉ូវ លោក លន់ លាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា រឿងរ៉ាវដែលប្រជាពលរដ្ឋលក់ដីឲ្យក្រុមហ៊ុននោះលោកមិន បានដឹងទេ ដោយសារមានជំងឺឈឺជើងដើរមិនរួច។ លោកបានសុំឲ្យអ្នកសារព័ត៌មានសួរទៅលោក មុត មាន ជំទប់ទី២របស់លោក ព្រោះលោកបានប្រគល់ការងារដីធ្លីឲ្យទៅជំទប់ទី២រូបនេះ តែមិនទាន់អាចសុំការបកស្រាយបាន។

តែយ៉ាងណាក៏ដោយលោកមេឃុំ លន់ លាង គ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា «ដីអាងទឹកទួលពន្រៃមានទំហំជាង ១០០ហិកតា គឺជាដីរបស់រដ្ឋមិនមានបុគ្គលណាមានសិទ្ធិទៅប៉ះពាល់បានទេ ប៉ុន្តែប្រជាពលរដ្ឋអាចអាស្រ័យផលជាលក្ខណៈគ្រួសារបាន»។ លោកថា ករណីដែលក្រុមហ៊ុនទិញដីមិនឲ្យលុយប្រជាពលរដ្ឋគ្រប់ចំនួននោះ កន្លងមកលោកបានធ្វើលិខិតបដិសេធជូនប្រជាពលរដ្ឋ បាន ៣គ្រួសារហើយ មិនតែប៉ុណ្ណោះលោកបានពន្យល់អប់រំប្រជាពលរដ្ឋថា ប្រយ័ត្នចាញ់បោកក្រុមអ្នកគួកជេដីទៀតផង៕