(ភ្នំពេញ)៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ជប៉ុនប្រចាំកម្ពុជា ហើយការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែកខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិ មានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC និងមានសួរច្បារចំកណ្តាល។

វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ត្រូវបានសម្ពោធ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ការស្ថាបនាមានរយៈពេល ៣៦ខែ ហើយគិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សាងសង់សម្រេចបាន ៨០.០២%ហើយ។

បច្ចុប្បន្នការអនុវត្តការងារស្ថាបនាបាន និងកំពុងធ្វើការក្រាលកៅស៊ូជាន់ទី២ នៅលើទីតាំងមួយចំនួន និងទីតាំងមួយចំនួនទៀតបានបើកឱ្យប្រជាពលរដ្ឋ ធ្វើដំណើរជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់ហើយ។

ចំណែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប ១៤៦.០៤គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ គ្រោងរយៈពេលស្ថាបនា ប្រមាណ៤២ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ សម្រេចបាន ១៤.៥០% ហើយ។ គ្រប់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ទាំងអស់បានគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍បច្ចេកទេស និងសុវត្ថិភាពការងារទាំងក្នុងនិងក្រៅការដ្ឋាន។

ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥.២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ៣រួមមាន៖ ខេត្តកណ្តាល ប្រវែង៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧.៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ចែកជា២គន្លងទៅ២គន្លងមក គ្រោងរយៈពេលសាងសង់ចំនួន៤៨ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន២៣.៩០%ហើយ៕