(ភ្នំពេញ)៖ ក្រោយបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ទីបំផុតខ្មាន់កាំភ្លើងដែលបាញ់ប្រហារបុរសម្នាក់ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ស្រុកជុំគិរី ខេត្តកំពត ទីដែលជនដៃដល់កំពុងរត់គេចខ្លួន នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត, ខណ្ឌដូនពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅចំណុចភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ កែវ រដ្ឋវិទ្យា អាយុ២៩ឆ្នាំ មុខរបរជាមន្ដ្រីនគរបាលបម្រើការងារ នៅការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឋានន្ដស័ក្ដិ ថ្នាក់អនុសេនីយ៍ទោ។

ផ្អែកតាមលទ្ធផល នៃការស៉ើបអង្កេត ចម្លើយសារភាពជនសង្ស័យ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សន្និដ្ឋានបានថា ឈ្មោះ កែវ រដ្ឋវិទ្យា ពិតជាបានផ្ទុះអាវុធបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ នៅចំណុចមុខផ្ទះលេខ៥០ ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០មែន។

បើតាមលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី និងត្រៀមបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ស្អែកនេះ៕