(សៀមរាប)៖ ប្រជាពលរដ្ឋរាប់រយនាក់ ដឹកនាំដោយតារាចម្រៀង ខាត់ សុឃីម និងស្វាមី នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូង ខេត្តសៀមរាប ដើម្បីឲ្យពន្លឿននីតិវិធីលើសំណុំរឿងរបស់លោក ឌឹម សួនណាត ប្រធានក្រុមហ៊ុន អ៉ីណារីតា ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ពន្ធករណីឆបោកប្រាក់ប្រជាពលរដ្ឋ។

តាមរយៈការតវ៉ាលើកទី២នេះ តារាចម្រៀង លោកស្រី ខាត់ សុឃីម និងប្រជាពលរដ្ឋ បានអំពាវនាវឲ្យស្ថាប័នតុលាការពន្លឿននីតិវិធីតាមផ្លូវច្បាប់ ដើម្បីឲ្យប្រាកដថា មានទោស ឬគ្មានទោស ប្រសិនបើមិនមានទោស សូមឲ្យលោក ឌឹម សួនណាត ចេញមកវិញ មានឱកាសសងសំណងដល់ប្រជាពលរដ្ឋដែលបានខាតបង់ថវិកា ក្នុងករណីតាមរយៈរូបភាពវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទៅលើវិស័យអចលនទ្រព្យ រួមមាន ពុះដីឡូតិ៍ ផ្ទះល្វែង និងវីឡាជាដើម៕