(កោះកុង)៖ នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះពិនិត្យ និងប្រគល់អំណោយ ក្នុងការជុសជុលអាគារ ដាច់ដោយឡែក ចំនួន២បន្ទប់ (សម្រាប់ដាក់អ្នកជំងឺឆ្លងកូវីដ-១៩) ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងការពិនិត្យ និងប្រគល់អំណោយនេះក៏មានការអមដំណើរពីលោក លី ច័ន្ទរាសី អភិបាលរងស្រុកស្រែអំបិល និងលោក ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ខេត្ដកោះកុង។ ការពិនិត្យ និងប្រគល់អំណោយនេះ ធ្វើឡើងនារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ យន្ត មីន ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។

ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ យន្ត មីន បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនិងអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីនៅរយៈពេលប៉ុន្មានចុងក្រោយនេះ កម្ពុជា មិនការឆ្លងរីករាលដាលជំងឺយ៉ាងណាក្ដី៕