(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ដោយចូលរួមពីសំណាក់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញបច្ចេកទេស ពាក់ព័ន្ធក្នុងខេត្ត។

លោកអភិបាលខេត្ត ជាវ តាយ បានលើកបញ្ជាក់ថា នៅចំពោះមុខនេះ រដ្ឋបាលខេត្តកំពតមានក្ដីបារម្ភ ពីបញ្ហាទឹកភ្លៀងដែលបង្កឲ្យមានការដក់ទឹក ឬទឹកលិចផ្លូវបណ្ដាល មកពីការរាំងស្ទះប្រព័ន្ធលូមួយចំនួន ដែលមានលក្ខណៈខុសស្តង់ដារ បទដ្ឋានបច្ចេកទេសច្បាស់លាស់។

ចំណុចសំខាន់ផ្ដោតពាក់ព័ន្ធ លើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹក ក្នុងភូមិសាស្រ្តនៃក្រុងកំពត និងបណ្ដាឃុំមួយចំនួនទៀតនៃស្រុកទឹកឈូ ជាប់ក្រុងកំពតដែលបច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្តបន្ទាប់ ហើយក្នុងនោះ ក៏មានការដឹកជញ្ជូនដីចាក់ជាច្រើន បំពេញបន្ថែមនៅលើទីតាំងមួយចំនួន ទាំងមានច្បាប់ និងអត់ច្បាប់។ ដោយមានបញ្ហានៃភាព អវិជ្ជមាននេះ វាក៏បណ្ដាលធ្វើឲ្យប្រឈមនៃការបិទផ្លូវទឹក ដែលត្រូវរំដោះចេញពីក្រុងទៅទំលាក់ តាមប្រព័ន្ធបង្ហូរទឹកដែលមានស្រាប់។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ជាក់ស្ដែងថ្មីៗនេះ យើងសង្កេតឃើញ មានភ្លៀងធ្លាក់ តែ ២ឬ៣មេចាប់ផ្ដើមតែប៉ុណ្ណោះ ឃើញថាតំបន់មួយចំនួន ធ្វើឲ្យរាំងស្ទះទឹក។ ដូច្នេះដើម្បីជាការអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះបញ្ហានេះ យើងត្រូវចូលរួមពិនិត្យ ពិភាក្សាអំពីការបង្កើតឲ្យមានគណៈកម្មការមួយ បើទោះបីកន្លងមកយើងមានយន្តការនេះរួចហើយក្ដីក៏ពិតមែន ដើម្បីឲ្យការងារអនុវត្តទៅបានកាន់តែមានប្រសិទ្ធភាពថែមទៀត យើងត្រូវរៀបចំកែសម្រួល សមាសភាពថ្មីឡើងវិញ ដើម្បីបំពេញបន្ថែម។

លោកអភិបាលខេត្ត ក៏បានលើកសង្កត់ធ្ងន់ដែរថា សព្វថ្ងៃនេះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងកំពត ជាប្រព័ន្ធលូក្ដី ផ្លូវថ្នល់មួយចំនួនក្ដី មានលក្ខណៈកំបុត មិនមានការតភ្ជាប់ ពីមួយទៅមួយទេ ដោយសារការធ្វើមិនមានគម្រោងច្បាស់លាស់។ ដូច្នេះពីនេះតទៅមុខ យើងត្រូវបង្កើតក្រុមការងារអភិវឌ្ឍក្រុង ស្រុក ឲ្យមានគោលដៅច្បាស់លាស់មួយ បើមិនដូច្នេះទេ ដែលធ្វើតាមអំពើចិត្ត ដោយមានការបិទបាំង ស៊ុគ្រលំ បិទភ្នែកផង ដូច្នេះផលវិបាកនឹងធ្លាក់មកលើរដ្ឋបាលដែនដី និងមន្ទីរជំនាញពាក់ព័ន្ធជាអ្នកដោះស្រាយ ដែលការអនុវត្តដោះស្រាយនោះទៀតសោត ក៏មានការពិបាក ទាំងការអនុវត្តច្បាប់ផង និងទាំងការខាតបង់ទ្រព្យសម្បត្តិ របស់បុគ្គលឬប្រជាពលរដ្ឋផង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាព និងរាល់អ្នកពាក់ព័ន្ធទាំងអស់ នៅចំពោះមុខនេះ ត្រូវតែចូលរួមសហការអនុវត្តឲ្យបានល្អ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន ហើយក្នុងនោះ ក៏ត្រូវខិតខំ កៀរគរធនធានសប្បុរសជន ចូលរួមគាំទ្រ គម្រោងនីមួយៗ ឲ្យទទួលបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាពដើម្បីចៀសវាងការដក់ ជន់លិចផ្លូវនៅក្នុងក្រុងកំពតបន្តទៀត ឬតំបន់ផ្សេងក្នុងស្រុកទឹកឈូ ផងដែរ៕