(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ បានដឹកនាំក្រុមការងារដោយមានការចូលរួមពីអាជ្ញាធរខេត្ត នាំអំណោយសម្ភារជាច្រើនប្រគល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ថ្នាក់ដឹកនាំស្រុក ក្រុងនិងមន្ត្រីរាជការតាមមន្ទីរ អង្គភាពនានាជុំវិញខេត្តទាំងអស់ ដែលបានសហការគ្នាចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនឱ្យងឺដ៏កាចសាហាវនេះ កើតមានលើទឹកដីខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងព្យាបាល ថែទាំបុរសខ្មែរ២នាក់ ដែលផ្ទុកមេរោគកូវីដ១៩ រហូតបានជាសះស្បើយ។ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ដោយមានការឧបត្ថម្ភ ពីសប្បុរសជនមួយចំនួន បាននាំសម្ភារ ថវិកាមកប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងការទប់ស្លាត់ជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយដែលលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះរួមមាន៖ ម៉ាស់ចំនួន ២៦,០០០ម៉ាស់ អាល់កុល៦៥០លីត្រ ប្រដាប់វាស់កំដៅ ៦០គ្រឿង ទឹកសុទ្ធចំនួន ៥៧កេស និងអំបិលចំនួន ៦បេស្មើនិង៣០០គីឡូក្រាម ព្រមទាំងបានចែកថវិកាលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល និងបុគ្គលិពេទ្យក្នុងម្នាក់ៗ៥ម៉ឺនរៀលផងដែរ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណ ចំពោះលោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ ដែលបាននាំសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផ្តល់ជូនមន្ទីរសុខាភិបាលខេត្ត។

លោកបន្តថា សម្ភារទាំងអស់នេះ ពិតជាមានសារះប្រយោជន៍យ៉ាងខ្លាំង សម្រាប់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់យកមកប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខេត្តព្រះវិហារ៕