(ភ្នំពេញ)៖ នគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ជូនថៅកែរោងពុម្ពម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចាប់រំលោភក្មេងស្រីអាយុ១៥ ជាអ្នកបម្រើជួយមើលថែកូនរបស់ខ្លួន។ ករណីនេះ ពីដំបូងត្រូវបានគេរាយការណ៍ថា នគរបាលខណ្ឌច្បារអំពៅ ចង់បញ្ចប់សំណុំរឿង និងដោះស្រាយគ្នានៅត្រឹមអធិការដ្ឋាននគរបាលខណ្ឌ ដោយមិនបញ្ជូនខ្លួន ជនសង្ស័យទៅកាន់តុលាការ ប៉ុន្តែក្រោយពីអ្នកកាសែត​ដឹងរឿងតាមសួរនាំទើប នគរបាល សម្រេចបញ្ជូនទៅតុលាការតែម្តង។

មន្រ្តីនគរបាល ខណ្ឌច្បារអំពៅមួយរូប បានប្រាប់អង្គភាព Fresh Newsថា ករណីនេះ​បានកើតឡើងតាំងពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦មកម្ល៉េះ ស្ថិតនៅផ្ទះលេខ៥៦៧៨ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនសង្ស័យរូបនេះមានឈ្មោះ ប៊ុត ចន្ទ័រ៉ា អាយុ៣២ឆ្នាំ មុខរបរប្រធានរោងពុម្ពឯកជន ស្នាក់នៅផ្ទះលេខ៥៦៧៨ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា។

ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.អ.ល អាយុ១៥ឆ្នាំ មុខរបរអ្នកបំរើ នៅផ្ទះ និងស្នាក់នៅជាមួយជនសង្ស័យ។

បើតាមមន្រ្តីនគរបាល នៅមុនពេលកើតហេតុជនរងគ្រោះ បាននៅបំរើផ្ទះជនសង្ស័យ រួចបានដេក មើលកូនរបស់ជនសង្ស័យ នៅក្នុងបន្ទប់ លុះដល់វេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យបានត្រឡប់មកពីស៊ីផឹកវិញ ក៏ចូលទៅក្នុងបន្ទប់ រួចចាប់ជនរងគ្រោះឱប ហើយយកប្រដាប់ភេទស៊កចូលតាមជើងខោ ជនរងគ្រោះដាក់ចូលទៅក្នុងប្រដាប់ភេទជនរងគ្រោះ រំលោកបានសំរេចតែម្តង។ ពេលនោះជនរងគ្រោះដឹងខ្លួនក៏ច្រានជនសង្ស័យចេញ រួចងើបទៅដេកបន្ទប់ខ្លួនវិញ។

ពេលព្រឹកឡើង ជនរងគ្រោះក៏បានទាក់ទងទៅប្រាប់ម្តាយ នៅស្រុកកំណើត ពេលនោះម្តាយមកដល់ នាំមកដាក់ពាក់បណ្តឹងសមត្ថកិច្ច ហើយនាំជនរងគ្រោះទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យបង្អែក​រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕