(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានទទួលនូវខ្សែវីដេអូអប់រំកូវីដ១៩ ចំនួនពីរ ស្ដីពី «ការបង្ការចម្លងជំងឺកូវីដ១៩ តាមរយៈរបៀបនៃលាងដៃជាមួយទឹកអាកុល និងពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ» រួមទាំងម៉ាសចំនួន៥ម៉ឺន និងអាល់កុលលាងដៃចំនួន៥ពាន់ដប ពីក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ)។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Pernod Ricard Cambodge ដែលបានជួយឧបត្ថម្ភសម្ភារ និងខ្សែវីដេអូ ដែលបានដើរតួនាទីដ៏សំខាន់ សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)។

ជំនួយមនុស្សធម៌នេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោក ម៉ាក រ៉ូសាឡេស អគ្គនាយក ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាសមាជិកនៃ Pernod Ricard Group បានថ្លែងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បង្កើនការយល់ដឹងជាសាធារណៈ ទាក់ទងនឹងការការពារពីការចម្លងនៃមេរោគកូវីដ-១៩។

លើសពីនោះ ដោយសហការជាដៃគូជាមួយក្រសួងសុខាភិបាល យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈ តាមរយៈខ្សែវីដេអូចំនួនពីរនេះ ត្រូវបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស តាមរយ:គេហដ្ឋទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ប៉ុស្តិ៍ទូរទស្សន៍ជាតិមួយចំនួន និងតាមបណ្តា-ខេត្តក្រុង នៅលើស្រ្គីន LCD និង LED នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពផងដែរ។

គោលបំណងអប់រំសាធារណជន អំពីអនាម័យដៃឱ្យបានត្រឹមត្រូវ ដោយការប្រើប្រាស់អាល់កុល ដែលមានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព លាងសំអាតដៃ ដើម្បីកំចាត់មេរោគនិងបង្ការការចម្លង។ ជាពិសេស ផ្តល់ការណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩នៅតាមទីសាធារណៈ និងក្នុងពេលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ឬមធ្យោបាយដឹកជញ្ជូនរួមគ្នា។

លោក ម៉ាក រ៉ូសាឡេស បានថ្លែងបន្ដថា «ក្នុងនាមជាធុរ:កិច្ចដែលផ្តោតចំបងលើនិរន្តរភាព និងទំនួលខុសត្រូវ ភើណូដ រីខាដ ហ្រ្គុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅជុំវិញពិភពលោក បានចាប់ផ្តើមនូវគំនិតផ្តួចផ្តើម ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងស្រុក ក្នុងគ្រាលំបាកនេះ។ «យើងសង្ឃឹមថា ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះ អាចជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក្នុងការងារដ៏សំខាន់របស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមនៃជំងឺកូវីដ-១៩នៅកម្ពុជា»

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់៕