(សៀមរាប)៖ ក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យកុដិឈើដ៏ចំណាស់មួយខ្នង ដែលជាស្ថាបត្យកម្មប្រកបដោយរចនាប័ទ្មខ្មែរ ត្រូវបានសាងសង់ឡើងអំពីឈើ ដំបូលប្រក់ក្បឿង និងមានអាយុកាលប្រមាណជាង ៩០ឆ្នាំ ស្ថិតនៅក្នុងវត្តព្រះព្រហ្មរ័ត្ន ខេត្តសៀមរាប ដែលជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចំណាស់ដទៃទៀត នៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប។

បច្ចុប្បន្ននេះ ក្រុមការងារកិច្ចការវត្តអារាមកំពុងតែសិក្សាលើគម្រោងនៃការជួសជុលកុដិឈើដ៏ចំណាស់នេះ ហើយគម្រោងនេះគឺធ្វើឡើងក្នុងគោលបំណងលើកស្ទួយស្នាដៃ និងចូលរួមអភិរក្សនូវសំណង់ស្ថាបត្យកម្មឈើដ៏ចំណាស់ ដែលមានមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ។

ក្នុងការជួសជុលនោះ ក្រុមអ្នកជំនាញនឹងរក្សាទម្រង់ដើមទាំងស្រុង មិនឱ្យមានការបាត់បង់ទ្រង់ទ្រាយណាមួយឡើយ គឺធ្វើយ៉ាងណាដើម្បីបន្តរក្សានូវស្នាដៃ និងសទ្ធារបស់បុព្វបុរសខ្មែរឱ្យនៅស្ថិតស្ថិរគង់វង់ចីរកាល៕