(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់គណៈប្រតិភូ ដឹកនាំដោយលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួង និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តី, លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បាននាំយកសម្ភារសម្រាប់ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានជាអាទិ៍៖ ម៉ាស 3D ចំនួន ៥០,០០០ម៉ាស, ទឹកអាល់កុល ចំនួន២០កេះ ស្មើនឹង៤០០ដប, ទឹកលាងដៃ ចំនួន២០កេះ ស្មើនឹង៤០០ដប, ស្រោមដៃ ចំនួន ២០កេះ ស្មើនឹង១០,០០០គូរ, សម្លៀកបំពាក់ការពារ ចំនួន២០កេះ ស្មើនឹង៨០០កំប្លេ ផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ជាទីគោរពសម្រាប់ជាផលប្រយោជន៍រួម ចែករំលែកដល់ជនរួមជាតិយើងទាំងមូល ប្រកបដោយភាពកក់ក្តៅ ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាមរយៈលោកស្រី ទេព សុទ្ធី តំណាងលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី។

ក្នុងឱកាសនោះ លោក ឡោ រស្មី ក៏បានជម្រាបជូនផងដែរថា អនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានក្រើនរំឭក ជាញឹកញាប់ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើង ស្ថិតក្នុងហានិភ័យបណ្តាលមកពី ការឆ្លងនៃមេរោគ Covid-19 នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងមន្រ្តីរាជការមួយចំនួន បានស្ម័គ្រចិត្តបរិច្ចាគបៀវត្សរ៍ផ្ទាល់ខ្លួន សម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ ដើម្បីរួមចំណែកដោះស្រាយ នូវវិបត្តិរបស់ប្រទេសជាតិ ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺ Covid-19នេះ ប្រកបដោយទឹកចិត្ត សប្បុរសធម៌តាមសេចក្តីអំពាវ របស់ប្រមុខរាជរដ្ឋាភិបាល ជាមួយនឹងការគិតគូរ ជាចម្បងដល់កសិករក្រីក្រដែលខ្វះខាតស្បៀង ក៏ដូចជាពលករ ពលការីដែលមកពីក្រៅប្រទេស នៅក្នុងស្រុកទាំង៣ខាងលើ នេះផងដែរ៕