(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញលិខិតផ្ញើទៅប្រធានអង្គភាពក្រោមឱវាទក្រសួង និងប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ស្ដីពីការផ្អាកបណ្ដោះអាសន្ន នៃការផ្ទេរក្របខណ្ឌមន្ត្រីរាជការ និងគ្រូបង្រៀនក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅក្រសួង-ស្ថាប័ននានា។

ក្នុងលិខិតរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ថ្មីៗនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ដីពី ការផ្អាកបណ្ដុះ អាសន្ននៃការជ្រើសរើស ក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២០ ឲ្យចូលបម្រើការងារ ជាមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្ន នៃការជ្រើសរើសក្របខណ្ឌមន្ត្រីរាជការថ្មី សម្រាប់ឆ្នាំ ២០២០ នឹងធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡាប្រឈមនឹងការខ្វះគ្រូបង្រៀនកាន់តែខ្លាំង។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់អង្គភាព ក្រោមឱវាទទីស្ដីការក្រសួង និងគ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដូចខាងក្រោម៖

* ទី១៖ ត្រូវប្រើប្រាស់ធនធានមន្ត្រីរាជការ និងគ្រូបង្រៀនដែលមានស្រាប់ ឲ្យអស់លទ្ធភាព តាមរយៈការរឹតបន្ដឹងការ គ្រប់គ្រងវត្តមានមន្ត្រីរាជការ និងការអនុញ្ញាតច្បាប់នានា ដែលពុំមានការចាំបាច់

* ទី២៖ ត្រូវបន្តពិនិត្យ និងបែងចែកភារកិច្ចជូនមន្ត្រីរាជការ និងគ្រូបង្រៀន ឲ្យបានសមស្របតាមគោលការណ៍ណែនាំ និងតាមសមត្ថភាពរបស់សាមីខ្លួនម្នាក់ៗ ព្រមទាំងត្រូវធ្វើការវាយតម្លៃ លទ្ធផលការងារជាប្រចាំ

* ទី៣៖ មិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ និងគ្រូបង្រៀន ដែលកំពុងបម្រើការងារនៅក្រោមឱវាទ ផ្ទេរក្របខណ្ឌទៅ ក្រសួង ស្ថាប័ននានា។ លើកលែងតែមន្ត្រីរាជការ ឬគ្រូបង្រៀននោះ ត្រូវបានតែងតាំងក្នុងមុខតំណែងណាមួយ នៃក្រសួង ស្ថាប័នថ្មី រួចហើយ៕