(ភ្នំពេញ)៖ ប្រជាការពារ និងប្រជាពលរដ្ឋមានជំងឺជួបការខ្វះខាតចំនួន ៣៣គ្រួសារ រស់នៅភូមិផ្សារតូច និងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រុមការងារអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដែលដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធាន និងប្រធានតំណាងឲ្យលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលខណ្ឌ។

ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ គឺបានធ្វើឡើង បន្ទាប់ពីប្រជាការពារ និងបង-ប្អូនប្រជាពលរដ្ឋ ដែលមានជំងឺទាំង ៣៣គ្រួសារបានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយដោយផ្ទាល់ជាអង្ករក្នុង ១គ្រួសារៗ ១០គីឡូក្រាម និងឃីត១កញ្ចប់ ពីក្រុមការងារអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ។

ក្នុងកម្មវិធីមនុស្សធម៌នេះ លោកស្រី អាន ផល្លា បានលើកឡើង អំពីការមើលឃើញជាក់ស្ដែង ពីការលំបាករបស់ប្រជាការពារ និងប្រជាពលរដ្ឋងាយរងគ្រោះ និងមានជម្ងឺ លោកស្រីក៏បានពាំនាំ យកអង្ករ និងឃីត ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាខណ្ឌ មកឧបត្ថម្ភជូន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺមិនឲ្យប្រជាពលរដ្ឋស្លាប់ដោយអត់បាយឡើយ។

បន្ថែមពីនេះ លោកស្រី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការដឹកនាំចង្អុលបង្ហាញចំគោលដៅ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺត្រូវឲ្យយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត ឫគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតមិនត្រូវមើលរំលងឡើយ៕