(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានចាប់ឃាត់ជនជាតិនីហ្សេរីយ៉ាម្នាក់ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរនាំ នាវេលាម៉ោង១១៖៤០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រោយបង្កបទល្មើសប្លន់នៅចំណុចផ្ទះលេខ៤៧ ផ្លូវ 6A ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលឈានដល់ ការឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់នេះ គឺយោងទៅតាមពាក្យបណ្តឹង របស់ស្ត្រីខ្មែរពោះធំម្នាក់ និងប្តីជាជនជាតិនីហ្សេរីយ៉ា ដោយចោទបុរសខាងលើថា បានវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិខ្លួនហើយថែមទាំងវាយ និងយកកាំបិតចាក់មកលើពួកខ្លួនបណ្តាលឲ្យរងរបួស រួចបានយកលុយចំនួន៣,៥០០ដុល្លារគេចបាត់ កាលពីវេលាម៉ោង២៣៖៣០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

សមត្ថកិច្ចបន្តថា ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ច សុំគោលការណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅឡោមព័ទ្ធផ្ទះមួយខ្នងក្នុងបុរីពិភពថ្មីចំការដូង និងបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានោះម្តង។

បច្ចុប្បន្ន ជនសង្ស័យរូបនោះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីសាកសួរកសាងរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់៕