(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើនសរុបចំនួន ៤០គ្រួសារ នៅឃុំចំរើន ឃុំរអាង ឃុំស្តៅ និងចុះសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពចំរើន នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោកស្រី ចឹក ហេង បានថ្លែងនូវការពាំនាំការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៍សំបុរនោះទេ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកស្រី ចឹក ហេង ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះមេរោគកូវីដ១៩ ដោយត្រូវថែទាំសុខភាព អនាម័យជាប់ជាប្រចាំ ក្នុងការ រស់នៅ ពិសេសអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

សូមបញ្ជាក់ថា សម្ភារដែលត្រូវផ្តល់ជូនគឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី១កស ត្រីខ១យួរ ទឹកស៊ីអីវ ១យួរ ផ្ទាំងរូបភាពតូច១សន្លឹក ខិតប័ណ្ណ១ សន្លឹក និងថវិកាចំនួន ២០,០០០រៀល។ ក្នុងនោះគ្រួសារអត្ថិភាព១០គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល។ បានផ្តល់ថវិកាជូនក្រុមប្រឹក្សាឃុំ ភូមិ កងកម្លាំង សរុបចំនួន១៦នាក់ ក្នុងម្នាក់ៗចំនួន២០,០០០រៀល មណ្ឌលសុខភាពអាល់កុល៥លីត្រ ម៉ាស់២ដុំ អនុសាខាស្រុក អាល់កុល៥ លីត្រ ម៉ាស់៨ដុំ ផ្ទាំងរូបភាពតូច១០០សន្លឹកផងដែរ៕