(ភ្នំពេញ)៖ ដោយសម្លឹងឃើញការដើរតួនាទីយ៉ាងសំខាន់របស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ធនាគារ ជីប ម៉ុង បានសម្រេចចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យម។

ដើម្បីផ្តល់កម្ចីដល់ សិប្បករ ផលិតករសម្ភារប្រើប្រាស់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងម្ចាស់អាជីវកម្មកែច្នៃម្ហូបអាហារ សម្រាប់យកទៅវិនិយោគបន្ថែមលើការបង្កើនផលិតកម្ម និងប្រើប្រាស់ជាទុនបង្វិលផងដែរ។

តាមរយៈការផ្តល់កម្ចីនេះ ធនាគារ ជីប ម៉ុង បានចូលរួមកាត់បន្ថយការនំាចូលក្នុងវិស័យផលិតកម្ម និងសិប្បកម្ម ដើម្បីបង្កើនផលិតផលក្នុងស្រុកសម្រាប់បំពេញតម្រូវការ និងផ្គត់ផ្គង់ដល់ឧស្សាហកម្មធំៗ ដែលបង្កើតឱកាសការងារយ៉ាងច្រើន និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋខ្មែរ។

ធនាគារ ជីប ម៉ុង ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនយក្សវិនិយោគដោយកូនខ្មែរ១០០% មានឆន្ទះយ៉ាងមោះមុត ក្នុងការចូលរួមធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរ និងកាត់បន្ថយភាពក្រីក្រតាមរយៈការសម្រួល និងផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏សម្បូរបែប៕