(ភ្នំពេញ)៖​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍​ អ៊ិនសួរេន ម.ក (​អេ អាយ អេ ខេមបូឌា​) នៅថ្ងៃទី​២៨ ខែមេសា​ ឆ្នាំ​២០២០​នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវបែបផែនការងារថ្មី ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការផ្តល់ជូន នូវដំណោះ​ស្រាយធានារ៉ាប់រងជីវិត និង​ការ​អភិវឌ្ឍអាជីវកម្ម ដោយ​ប្រើ​ប្រាស់បច្ចេកវិទ្យាទាំងស្រុង ដើម្បីធានាឲ្យបានថា អតិថិជនទាំងចាស់ និងថ្មីទាំងអស់ អាចទទួលយក​ដំណោះស្រាយធានារ៉ាប់រង និងការប្រឹក្សាយោបល់ បើទោះបីជាមានវិធានការណ៍រក្សាគម្លាត ពីសង្គមប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩​ យ៉ាងណាក្តី​។ បែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង​​នេះ (Virtual Face-to-Face ឬ VFTF) គឺជាប្រតិបត្តិការបែបឌីជីថលទាំងស្រុងដំបូងគេ ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា​ ស្របគ្នានឹងនិន្នាការរបស់​ អេ អាយ អេ ខេមបូឌា ក្នុង​ការប្រើប្រាស់បច្ចេកវិទ្យា និង​ប្រតិបត្តិការ​ទំនើបចុងក្រោយបង្អស់ ​ក្នុងការជួយសម្រួលដល់​អតិថិជន ទី​ប្រឹក្សាផែនការជីវិត AIA​ ដៃគូអាជីវកម្ម និង​បុគ្គលិក ​ឲ្យកាន់​តែងាយស្រួល​។​

ប្រតិបត្តិការបែប VFTF ត្រូវបានដាក់ឲ្យដំណើរការ ដើម្បីឆ្លើយតបទៅនឹងវិធានការណ៍ រក្សាគម្លាតសង្គម​របស់ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ ហើយដើម្បីធានាឲ្យបានថា អតិថិជននៅតែអាចបន្ត​ទទួលយកបណ្ណសន្យា ធានារ៉ាប់រងពី អេ អាយ អេ ប្រកប​ដោយ​សុវត្ថិភាព​ និងភាពងាយ​ស្រួល​។ អតិថិជនអាចទាក់ទងជាមួយទីប្រឹក្សាផែន​ការ​ជីវិត​ AIA ជា​លក្ខណៈ​​វីដេអូ ទៅតាមកម្មវិធីទំនាក់ទំនងណាមួយ ដែលអតិថិជនមានស្រាប់ រួមមាន Facebook Messenger, WhatsApp, Microsoft Teams, Line ។ល។ ទៅតាមតម្រូវការ។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ រាល់ជំនួបជាមួយ​អតិថិជន នឹងត្រូវបានធ្វើឡើង​ ដោយមិនតម្រូវឲ្យមានការជួបផ្ទាល់ ដែលនេះបានអនុញ្ញាតឲ្យអតិថិជន អាចទទួលយកសេវាកម្ម និងការប្រឹក្សាយោបល់នានា ក៏ដូចជាការទទួលយកបណ្ណសន្យាធានារ៉ាប់រង ដោយមិនចាំបាច់ចាកចេញពីផ្ទះ។

បច្ចេកវិទ្យានេះ អនុញ្ញាតឲ្យដំណើរការ នៃការផ្តល់ជូនបណ្ណសន្យាធានារ៉ាប់រង ប្រព្រឹត្តទៅតាមរយៈការទំនាក់ទំនង ជាលក្ខណៈវីដេអូ ហើយរាល់ការផ្ទៀងផ្ទាត់លើឯកសារនានា ព្រមទាំងកិច្ចព្រមព្រៀង នឹងត្រូវធ្វើឡើង តាមប្រព័ន្ធអេឡិចត្រូនិច។ ទៅថ្ងៃមុខ បែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង​​នេះ នឹងបន្តក្លាយទៅជាផ្នែកដ៏សំខាន់មួយរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាឲ្យបាននូវ​ប្រសិទ្ធភាព​ និងលទ្ធភាពប្រើប្រាស់បច្ចេក​វិទ្យា​ថ្មី​បំផុត ដើម្បី​សម្រេចបាន​​​​ជោគជ័យ​នៅ​ក្នុង​ការងាររបស់ពួកគេ​​។

លោក​ស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ​ ខេមបូឌា បានថ្លែងថា​ «បើទោះបីជា​មានការ​ប្រឈម​ ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ នេះយ៉ាងណាក្តី ពួក​យើង​នៅ​តែតាំងចិត្តយ៉ាងមុតមាំ ដើម្បីជួយក្រុមគ្រួសារកម្ពុជា ទទួលបាននូវការការពារ។ យើងនឹងបន្តការបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាលក្ខណៈឌីជីថល និងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីធ្វើឲ្យ សេវាបម្រើអតិថិជន និងប្រសិទ្ធភាពការងារ​ មានភាពកាន់តែល្អប្រសើរ។ ប្រតិបត្តិការ VFTF ថ្មី​​នេះ គឺជាជំហានបន្ទាប់នៃការវិវឌ្ឍខ្លួន​ តាមបែបឌីជីថលរបស់ពួកយើង ដែលធានាថាបច្ចេកវិទ្យាចុងក្រោយបំផុតនេះ នឹងអាចបន្តផ្តល់ជូនសេវាកម្ម បម្រើអតិថិជនដ៏ល្អឥតខ្ចោះ ក៏ដូចជាផ្តល់ជូនសុវត្ថិភាពផ្លូវចិត្ត និងជួយពួកគាត់ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅក្នុងកំឡុងពេលដ៏ពិបាកមួយនេះ​»

ប្រតិបត្តិការ VFTF ថ្មីនេះ គឺស្ថិត​ក្នុង​ចំណោមសកម្មភាព និងវិធានការ​ផ្សេងៗទៀត ដែលត្រូវបានដាក់ឲ្យដំណើរការរួចមកហើយដោយ ​អេ អាយ អេ​ ខេម​បូឌា ក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីជាជំនួយដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន។ ធនធានមនុស្សទាំងអស់របស់យើង ត្រូវបានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដែលអនុញ្ញាតឲ្យពួកគាត់អនុវត្តបែបផែនធ្វើការពីចម្ងាយ ដើម្បីផ្តល់ជំនួយដល់សេវាកម្មអតិថិជន និងប្រតិបត្តិការអាជីវកម្ម ដោយគ្មានការរំខាន។ គ្រប់អតិថិជនទាំងអស់ត្រូវបានមើលថែ យ៉ាងយកចិត្តទុកដាក់ ជាមួយនឹង​ការ​ផ្តល់ជូនពិសេស ដែលជាជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ប្រសិនបើត្រូវបានពិនិត្យឃើញថា មានជំងឺកូវីដ១៩ និងតម្រូវឲ្យមានការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ស្របគ្នានេះដែរ ទីប្រឹក្សាផែនការជីវិត AIA ទាំងអស់ ក៏កំពុងតែត្រូវបានផ្តល់ជូននូវការប្រើប្រាស់បច្ចេកវិទ្យាថ្មី​ វគ្គបណ្តុះបណ្តាលនានា​ និងកម្មវិធីទំនាក់ទំនង​ផ្សេងៗ ដែលបានក្លាយទៅជាជំនួយ ដល់ពួកគាត់ក្នុងការកសាងអាជីព និង​ស្វែងរកចំណូលសម្រាប់​ជីវភាព​របស់​គាត់។

អេ អាយ អេ ខេមបូឌា ជាផ្នែកមួយនៃសម្ព័ន្ធ អេ​អាយ​អេ ដែលជាសម្ព័ន្ធធានារ៉ាប់រង អាយុជីវិតចុះបញ្ជីជាសាធារណៈ ធំជាងគេ និងមានវត្តមានពេញតំបន់អាស៊ីនោះ នឹងនៅតែបន្តដើរតួនាទីឈានមុខគេ ក្នុងការគាំទ្រទៅលើការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ប្រសិនបើលោកអ្នកចង់ទាក់ទងមកកាន់ អេអាយអេ ខេមបូឌា លោកអ្នកអាចទាក់ទងមកកាន់សេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខ ០៨៦​​ ៩៩៩ ២៤២ ឬផ្ញើសារមកកាន់ទំព័រហ្វេសបុករបស់យើងខ្ញុំ គឺ AIA Cambodia។ លោកអ្នកក៏អាច ទាក់ទងមកកាន់ទីប្រឹក្សាផែនការជីវិត AIA ប្រសិនបើលោកអ្នកមានបំណងចង់ទទួលបានការការពារថ្មី ដើម្បីប្រឹក្សាយោបល់ជាលក្ខណៈ​វីដេអូ ​ទៅតាមកម្មវិធីទំនាក់ទំនងណាមួយ ដែលលោកអ្នកកំពុងប្រើប្រាស់ស្រាប់៕