(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក) និងសហការី នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រជុំជាមួយក្រុមបេសកកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ Video Conference។

គោលបំណង នៃកិច្ចប្រជុំគឺភាគីធនាគារ ADB ពិភាក្សាអំពីលទ្ធភាពនៃការសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីចូលរួមអនុវត្ត «គម្រោងអភិវឌ្ឍន៍ ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម» ដែលគម្រោងផ្តោតលើការបង្កើនតម្លៃបន្ថែម ដល់តួអង្គនៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីជំរុញផលិតកសិកម្មកសិកម្ម។

លោកអគ្គនាយក បានស្វាគមន៍ចូលរួមគាំទ្រអនុវត្តគម្រោង ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា ហើយលោកក៏បានគូសរំលេច អំពីបច្ចុប្បន្នដែល ធ.អ.ជ.ក បាននិងកំពុងជំរុញការផ្តល់ឥណទាន ដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសគ្រឹះស្ថានធុនតូច និងមធ្យម គាំទ្រផលិតកម្មបន្លែ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រី។

ទន្ទឹមនេះ លោកអគ្គនាយក បានផ្តល់ជាយោបល់ ដោយស្នើឲ្យ ADB គាំទ្រហិរញ្ញប្បទាន គម្រោងមួយផ្នែកជា Credit Guarantee Scheme ដល់សហគមន៍កសិកម្ម ដើម្បីអាចឲ្យសហគមន៍ មានលទ្ធភាពខ្ចីឥណទានបាន ដោយសារបច្ចុប្បន្នសហគមន៍ភាគច្រើន មិនមានទ្រព្យធានា ព្រមទាំងគាំទ្រ ដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មបន្លែ បន្ទាប់ពីប្រមូលផល (post-harvest infrastructure) ដូចជា Cool-room និង Pre-cool room ជាដើម។

លោកអគ្គនាយកក៏បានថ្លែងអំណរគុណ ដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈកម្មវិធីអភិវឌ្ឍន៍ ជាច្រើនកន្លងមក៕