(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍គ្រីស្ដសាសនា» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ក្នុងសហគមន៍គ្រីស្ដសាសនា ក្នុងកិច្ចចូលរួមចំណែកដ៏សកម្ម ជាមួយនឹងវិធានការអនុវត្តរបស់រាជរដ្ឋាភិបាលដើម្បីបង្ការ ការពារ ទប់ស្កាត់ការរាតត្បាតកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានរយៈពេលជាង២០ថ្ងៃមកហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ ខណៈដែលអ្នកជាសះស្បើយបានកើនដល់ ១១៩នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ សរុបចំនួន១២២នាក់។ ដោយឡែក អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅកម្ពុជា មានចំនួនត្រឹមតែ៣នាក់ប៉ុណ្ណោះ៕