(កំពង់ចាម)៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ និងសំដែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានរួមសហកា លើការងារ ព្យាបាល និងទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រហូតមកដល់ថ្ងៃនេះ។

លោកអភិបាលខេត្ត បានថ្លែងរំលឹកថា កន្លងមកអ្នកជំងឺកូវីដ១៩ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសរុបចំនួន១៦នាក់ ស្រី៤នាក់ ប្រុស១២នាក់ ក្នុងនោះមាន ជនជាតិ អង់គ្លេសចំនួន០៥នាក់ អាមេរិកាំង០២នាក់ ម៉ាឡេស៊ី០៨នាក់ និងខ្មែរ០១នាក់ ។ អ្នកជំងឺកូវីដ១៩ ដែលមាននៅក្នុងខេត្តកំពង់ចាម គឺជាករណីឆ្លងនៅបរទេស ហើយនាំចូលមកមានចំនួន១៥នាក់ និងមានជនជាតិខ្មែរ០១នាក់ បានឆ្លងនៅក្នុងប្រទេសគឺជាអ្នកធ្វើការផ្ទាល់ និងស្នាក់នៅជាមួយជនជាតិម៉ាឡេស៊ីដែលមានជំងឺកូវីដ១៩។

លោកអភិបាលខេត្តបានបញ្ជាក់ថា មកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ទាំងអស់បានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យអស់ ពុំមានអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តឡើយ។ ម្យ៉ាងទៀតដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាត នៃជម្ងឺកូវីដ១៩ គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានផ្ដល់ខិតប័ណ្ណផ្សព្វផ្សាយអំពីអនាម័យចំនួន ៤៥,៩៣៨សន្លឹក សាប៊ូចំនួន ៣,០០០ដុំដល់មូលដ្ឋាន។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុង-ស្រុក ឃុំ- សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងមណ្ឌលសុខភាពឃុំ-សង្កាត់ នៅតែបន្តធ្វើការអប់រំដល់ប្រជាពលរដ្ឋ ឲ្យចេះរក្សា អនាម័យ សម្អាតខ្លួនប្រាណ លាងដៃជាប់ជាប្រចាំ និងចេះប្រើប្រាស់ម៉ាស់ ឬក្រម៉ា នៅពេលក្អក ឬកណ្ដាស់ តាមរយៈឃោសនសព្ទចល័ត តាមទីប្រជុំជនក្នុងក្រុង-ស្រុក និងអចល័តតាមសាលាឃុំសង្កាត់ ទីវត្តអារាម វិហារសាសនា និងមានផ្សព្វផ្សាយតាមខ្នងផ្ទះ និងធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម។

ដោយឡែកចំពោះពលករ ពលការិនី ដែលបានអនុវត្តចត្តាឡីស័ក ដោយស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មកទល់នឹងថ្ងៃនេះមានចំនួន ២,៩២៦នាក់ បានសមាហរណកម្មទៅក្នុងសហគមន៍ និងគ្រួសារវិញនៅសល់ចំនួន ១១០នាក់ កំពុងបន្តអនុវត្តន៍៕