(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យពិសាខបូជា នាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភាខាងមុខនេះ។

បើតាមក្រសួងយុត្តិធម៌ បញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២០ និងពីមណ្ឌលអប់រំកែប្រែចំនួន៤ ដោយមានទណ្ឌិតសរុប ២៧៣នាក់ (ស្រី២៤នាក់)។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ។

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០កន្លងទៅ ទណ្ឌិត១៥៥នាក់ ត្រូវបានព្រះមហាក្សត្របន្ថូរបន្ថយ និងលើកលែងទោសតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕