(បន្ទាយមានជ័យ)៖ រថយន្ត Toyota Tacoma មួយគ្រឿង បានក្រឡាប់បណ្ដាលឲ្យ​ មនុស្សស្លាប់៣នាក់ និងរងរបួស៥នាក់ ខណៈកំពុងបើកនៅលើដងផ្លូវ ហើយបែកកង់។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅម៉ោង១១៖១០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវក្បែរ ប្រាសាទបន្ទាយឆ្មា ស្ថិតក្នុងស្រុកបន្ទាយឆ្មា ខេត្តបន្ទាយមានជ័យ។

រថយន្តដែលរងនូវការក្រឡាប់ ពេលម្ចាស់កំពុងបើកបរនេះ ម៉ាក Toyota Tacoma មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2A-6195។ ចំណែកជនរងគ្រោះសុទ្ធតែ ជាបងប្អូននឹងគ្នា ជាអ្នកខេត្តព្រះវិហារ នាំគ្នាធ្វើដំណើរទៅលេង ប្រាសាទបន្ទាយឆ្មា ក៏ជួបហេតុការណ៍នេះតែម្ដងទៅ។

តាមអ្នកឃើញហេតុការណ៍ បានអះអាងថា រថយន្តខាងលើ មិនមានការប៉ះទង្គិចគ្នាជាមួយ រថយន្តផ្សេងនោះឡើយ គឺបើកៗតាមផ្លូវក៏បែកកង់បណ្ដាលឲ្យ រេចង្កូតក្រឡាប់តែម្ដងទៅ ពេលអ្នកបើកខំជាន់ហ្វ្រាំងទប់ ដោយសារតែរថយន្តកំពុងបើក ក្នុងល្បឿនលឿនស្រាប់៕