(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានទទួលយកអំណោយសម្ភារ ម៉ាស់ចំនួន១០ម៉ឺនម៉ាស់ ពីក្រុមហ៊ុន MCC Land (Singapore) Pte.,Ltd ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពិធីទទួលអំណោយម៉ាស់នេះ បានធ្វើឡើងក្រោមវត្តមាន លោក សេង ឡូត អគ្គនាយករដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឱ្យ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និង លោក Tan Zhi Yong អគ្គនាយកក្រុមហ៊ុន MCC Land (Singapore) Pte.,Ltd។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតថ្លែងអំណរគុណដល់ ក្រុមហ៊ុន MCC Land (Singapore) Pte.,Ltd ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ មានរយៈពេលជាង២០ថ្ងៃមកហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ ខណៈដែលអ្នកជាសះស្បើយបានកើនដល់ ១១៩នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ សរុបចំនួន១២២នាក់។ ដោយឡែក អ្នកជំងឺកូវីដ១៩ ដែលកំពង់សម្រាកព្យាបាលនៅកម្ពុជា មានចំនួនត្រឹមតែ៣នាក់ប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល រួមទាំងអង្គការសុខភាពពិភពលោក នៅតែអំពាវនាវដល់ ប្រជាពលរដ្ឋ និងគ្រប់ភាគីទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលផុយស្រួលនៅឡើយ ខណៈដែលប្រទេសផ្សេងៗ នៅតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាបន្តបន្ទាប់៕