(ពោធិ៍សាត់)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២គ្រាប់ បន្សល់ទុកមកពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ក្នុងស្រុក២ផ្សេងគ្នា គឺស្រុកកណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់។

អាវុធហត្ថស្រុកកណ្តៀង បានឱ្យដឹងថា នៅវេលាម៉ោង ០៨៖៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួ០១គ្រាប់ (ប្រភេទផ្លែទឹកគោ) នៅក្នុងស្ទឹងស្ថិតក្នុងភូមិវត្តពោធិ៍ទី២ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ គ្រាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ។

អាវុធហត្ថស្រុកបាកាន បានឱ្យដឹងដែរថា នៅវេលាម៉ោង ០៩៖៤០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋឈ្មោះ ពៅ កុសល ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមករាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលរំលេច ថាគាត់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនៅក្នុងអូរក្រោយផ្ទះគាត់។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលរំលេច បានទៅពិនិត្យជាក់ស្តែង គឺជាប្រភេទគ្រាប់បែកអន្លូង។

គួរបញ្ជាក់ថា គ្រាប់ទាំងអស់នោះគឺបានបន្សល់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ។ បច្ចុប្បន្នសមត្ថកិច្ចបានយកបន្លាហ៊ុព័ទ្ធ និងរាយការណ៍ទៅអង្គភាព HELO TRUSTដូចគ្នា ដើម្បីយកទៅកំទេចចោល៕