(ភ្នំពេញ)៖ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ តាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានផែនការ មន្ទីរផែនការទាំង២៥ រាជធានី-ខេត្ត ដើម្បីរៀបចំផែនការអន្តរាគមន៍បន្ទាន់ លើការត្រៀមអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភ ជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលបានអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូលធ្លាក់ខ្លួនក្រីក្រដោយជំងឺកូវីត-១៩។

លោករដ្ឋមន្រ្តី បានលើកឡើងថា ផ្តើមចេញពីបញ្ហានេះ និងដើម្បីទទួលបានទិន្នន័យសម្រាប់ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺកិច្ចប្រជុំក្រុមការងារចំពោះកិច្ចរួមមាន៖

*ទី១៖ រៀបចំគោលនយោបាយថវិកា ហិរញ្ញកិច្ច
*ទី២៖ រៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីត-១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ដោយបានសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងចំនួន២ គឺ ក្រសួងផែនការ ត្រូវរៀបចំក្របខ័ណ្ឌ និងយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំដើម្បីបំពេញបន្ថែមទិន្នន័យ ដូចជាគ្រួសារក្រីក្រដែលមិនទាន់បានធ្វើការកំណត់ អត្តសញ្ញាណជាគ្រួសារក្រីក្រ គ្រួសារ ខ្លះទៀតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដហើយធ្លាក់ចូលក្នុងភាពក្រីក្រ និងត្រូវកែសម្រួល ទិន្នន័យគ្រួសារក្រីក្រដែលមានស្រាប់(ដូចជាដកចេញគ្រួសារដែលមានជីវភាពលេចធ្លោខ្លាំង គ្រួសារដែលមានសមាជិកស្លាប់អស់។ល។) និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំយន្តការកំណត់ក្រុមគោលដៅ គណនាចំនួនថវិកាដែលត្រូវផ្តល់ជូន និងរៀបចំយន្តការសម្រាប់បើកប្រាក់។ល។

ក្នុងកិច្ចប្រជុំនេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានដាក់ចេញនូវវិធានការណ៍បន្ទាន់មួយចំនួនដល់គ្រប់មន្ទីរអង្គភាពជំនាញទាំងអស់ ដើម្បីអនុវត្តដូចតទៅ៖

*ទី១៖ ត្រូវរៀបចំរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ នៅតំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និងត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ។
*ទី២៖ គ្រប់មន្ទីរផែនការទាំង២៥រាជធានី ខេត្ត ក្រុង ទាំងអស់ ត្រូវត្រៀមមន្រ្តីដែលមានសមត្ថភាព និងលះបង់ពេលវេលាសម្រាប់ធ្វើជាគ្រូបង្គោល និងទទួលខុសត្រូវនៅតាមស្រុក និងឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅពេល អនុវត្តការងារ។
*ទី៣៖ ដោយសារការសម្ភាសន៍ តាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ប្រើប្រាស់តាប្លេត នៅតាមមន្ទីរផែនការរាជធានី-ខេត្ត ត្រូវជ្រើសរើសអ្នកមានជំនាញ IT ១ឬ ២នាក់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនៅពេលតាប្លេតមានបញ្ហា។
*ទី៤៖ ត្រូវមានកម្មវិធីការងារ និងបែងចែកការទទួលខុសត្រូវច្បាស់លាស់។
*ទី៥៖ ត្រូវចុះតាមដានជាប្រចាំ និងណែនាំដល់មន្រ្តីរបស់ខ្លួន និងឃុំសង្កាត់ ដូចជា ចុះពិនិត្យមើលការដាក់សំណើសម្ភាសន៍ និងការជ្រើសរើសមុខសញ្ញាដែលត្រូវសម្ភាសន៍ឱ្យបានច្បាស់លាស់។
*ទី៦៖ ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវទិន្នន័យជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ ពិការភាព ចាស់ជរា និងកុមារ ជាពិសេសទិន្នន័យក្រុមអាយុ នៅពេលធ្វើសម្ភាសន៍។
*ទី៧៖ អំឡុងពេលអនុវត្តការងារ ត្រូវរាយការណ៍ពីវឌ្ឍនភាពការងារនៅវេលាម៉ោង១៧:០០ ជារៀងរាល់ថ្ងៃមកអង្គភាពជំនាញរបស់ក្រសួង។
*ទី៨៖ ត្រូវចងចាំ និងអនុវត្តចំណុចទាំង៧ខាងលើ អោយមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុ បម្រើជាតិ ប្រជាជន។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបន្ថែមថា នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ នឹងរៀបចំវគ្គបណ្តុះបណ្តាល នីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់គ្រប់បណ្តាមន្ទីរផែនការ រាជធានី ខេត្ត ក្រុងទាំងអស់ ក្នុងពេលឆាប់ៗនេះ តាមការសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ជាកិច្ចបញ្ចប់ កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអង្គភាពជំនាញដែលទទួលបន្ទុកលើការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងមន្ទីរផែនការទាំង២៥ រាជធានី ខេត្ត ក្រុងហើយលោកមានជំនឿជឿជាក់លើលទ្ធផលគ្រួសារក្រីក្រ ដែលទទួលបានពីការប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ មានភាពច្បាស់លាស់និងពិតប្រាកដ សម្រាប់ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ៕