(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរ តើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលប្រទេសចិនធ្លាប់បានប្រកាសផ្សព្វផ្សាយថា កន្លងមកសាកល្បងទទួលបានលទ្ធផលល្អ និងឈានដល់ដំណាក់កាលពិសោធន៍លើកទី២ តើពេលនេះវិវឌ្ឍន៍យ៉ាងណាហើយនោះ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) បានថ្លែងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ ត្រូវការពេលវេលាសាកល្បងច្រើនខែទៀត ដើម្បីសុវត្ថិភាពនិងភាពច្បាស់លាស់មួយ មុនយកទៅប្រើប្រាស់លើពិភពលោក។

នេះបើតាមការអះអាងរបស់លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងឱកាសដែលក្រសួងសុខាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

បើតាមលោកស្រី Li Ailan ប្រទេសទាំងអស់កំពុងរង់ចាំ ទាក់ទងទៅនឹងការបង្កើតនូវវ៉ាក់សាំង សម្រាប់ការពារជំងឺកូវីដ១៩។ លោកស្រីថ្លែងថា ទាំងប្រទេសចិន និងប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក កំពុងបង្កើតវ៉ាក់សាំងសម្រប់ការពារជំងឺនេះ ដែលវ៉ាក់សាំងកំពុងស្ថិតនៅក្នុងដំណាក់កាលផ្សេងៗគ្នា ខណៈអង្គការសុខភាពពិភពលោក ក៏បានសម្រេបសម្រួល ធ្វើការសាកល្បងទៅលើវ៉ាក់សាំងទាំងនោះផងដែរ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបង្កើតឲ្យមានវ៉ាក់សាំងមួយ គឺត្រូវការរយៈពេលអាចជាច្រើនខែ ឬច្រើនឆ្នាំ ដោយមូលហេតុវ៉ាក់សាំងនេះ មិនទាន់អាចចេញឲ្យប្រើប្រាស់បាន ព្រោះទាក់ទងនឹងការសិក្សាទៅលើសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ នាងខ្ញុំចង់ជម្រាបម្តងទៀតថា យើងត្រូវការទិន្នន័យពីប្រទេសជាច្រើន ពីអ្នកជំងឺជាច្រើន នៅក្នុងពិភពលោក ដើម្បីយើងអាចសន្និដ្ឋានរួមមួយថា វ៉ាក់សាំងណាមួយអាចមានប្រសិទ្ធភាព»។

ការផ្ទុះជំងឺកូវីដ១៩នេះ លោកស្រីបានបញ្ជាក់២ចំណុច រួមមាន៖

* ១៖ WHO ជំរុញការបង្កើតវ៉ាក់សាំង និងសម្របសម្រួលឲ្យបង្កើតវ៉ាក់សាំងឲ្យបានលឿន។ លោកស្រីថ្លែងថា តាមបទពិសោធន៍កន្លងមក ការបង្កើតវ៉ាក់សាំងសម្រាប់មេរោគ H1N1 ត្រូវការពេលវេលារយៈពេលពី ៧ទៅ ៩ខែឯណោះ។

* ២៖ កូវីដ១៩ គឺវាជាបទពិសោធន៍ និងមេរៀនមួយ ដែលគេត្រូវគិតគូរកុំឲ្យថ្លោះធ្លោយ លើការវិនិយោគទៅថ្ងៃក្រោយ ទាក់ទងនឹងការស្រាវជ្រាវ និងការបង្កើតវ៉ាក់សាំង។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសជាច្រើន កំពុងដំណើរការផលិតវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រទេសទាំងនោះ រួមមាន៖ ចិន អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។

គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ជិត ៣,០០០,០០០ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២០៦,៩៧៣នាក់ និងជាសះស្បើយឡើងវិញ ៨៧៨,៧០៧នាក់៕