(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្រក្រសួងសុខាភិបាល បានលើកឡើងថា ជាកំហុសមួយដែល ប្រជាពលរដ្ឋឆាប់បំភេ្លចវីរុស COVID-19 ក៏ប៉ុន្តែ វីរុសនេះ វាមិនដែលបំភ្លេចយើងនោះទេ ឱ្យតែមានឱកាស វីរុសនេះនឹងចម្លងមកប្រជាពលរដ្ឋខ្មែរជាលើកទី២ ជាក់ជាមិនខាន។

ការលើកឡើងបែបនេះ របស់ស្រី ឱ វណ្ណឌីន បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី អញ្ជើញក្នុងចូលរួមក្នុងសន្និសីទសារព័ត៌មាន «បច្ចុប្បន្នភាពជំងឺ COVID-19» ក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក WHO, ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាពិសេសទៀត បើយើងពិនិត្យមើល គឺបងប្អូនដែលនៅទីប្រជុំជន បើយើងមើល ទៅលើបងប្អូន នៅតាមជនបទ គឺគាត់មានផ្ទះដាច់ៗដោយឡែកពីគ្នា ការរស់នៅរបស់គាត់ក៏មានសភាពដាច់ៗពីគ្នាដែរ ក៏ប៉ុន្តែ សម្រាប់ទីប្រជុំជន សង្កេតឃើញថាបងប្អូន បានរស់នៅប្រមូលផ្តុំគ្នា ហើយក៏មានអ្នកខ្លះអនុវត្តន៍វិធានការការពារ ហើយអ្នកខ្លះទៀត ក៏មិនបានអនុវត្តន៍ នូវវិធានការការពារទេ ដោយសារគាត់យល់ថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មិនមានការរាតត្បាតនៃវីរុស COVID-19 នោះទេ [...] នេះជាកំហុសឆ្គងមួយ ដែលខ្ញុំសូមជម្រាបជូនថា យើងអាចភ្លេចនូវវីរុស COVID-19 បាន ក៏ប៉ុន្តែ វីរុស COVID-19 មិនភ្លេចយើងទេ ឱ្យតែមានឱកាស ឱ្យតែមានប្រឡោះ គឺវីរុស COVID-19 នឹងវ៉ៃលុយយើងហើយ»

អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា សម្រាប់ចម្លងវីរុស COVID-19 គឺនៅតែមានចរាចណ៍ប្រសិនបើប្រជាពលរដ្ឋខ្មែរណាម្នាក់ ធ្វេសប្រហែសដោយមិនបានការពារខ្លួន តាមវិធានការណ៍របស់ក្រសួងសុខាភិបាល ជំងឺ COVID-19 នឹងអាចវ៉ៃលុកត្រឡប់មកវិញ។ បន្ថែមពីនេះ ការវ៉ៃលើកទី២ នៃវីរុសនេះ អាចកើតឡើងបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស។

លោកស្រី ឱ វណ្ណឌីន បានបន្តថា ស្ថានភាពនៃការរីករាលដាលវីរុស COVID-19 នៅលើពិភពលោក កំពុងតែស្ថិតនៅក្នុងភាពខ្លាំងក្លានៅឡើយទេ ដោយឡែកប្រទេសសិង្ហបុរី ដែលជាស្ថិតនៅក្នុងតំបន់អាស៊ាននេះ ស្ថានភាពរីករាលវីរុសនេះ គឺមានការផ្ទុះជាខ្លាំង មិនទាន់មានសញ្ញាណ ចុះថយនៅឡើយទេ។

លោស្រី បានបន្ថែមទៀតថា ទោះបីក្នុងរយៈពេល ២សប្តាហ៍មកនេះ កម្ពុជារកមិនឃើញករណីឆ្លងថ្មី ព្រមទាំងករណីព្យាបាលមានការកើនឡើង សឹងតែជាបាន ១០០ភាគរយ ពោលគឺនៅសល់តែ ៣នាក់ ក្នុងចំណោមអ្នកឈឺចំនួន ១២២នាក់។ ក៏ប៉ុន្តែ មិនមែនបង្ហាញថា ប្រទេសកម្ពុជា មិនមានហានិភ័យចំពោះវីរុស COVID-19 នេះទៀតនោះទេ ដោយសារតែក្រុមអ្នកជំនាញ មិនទាន់បញ្ជាក់ច្បាស់លាស់ អំពីនៃវីរុសនេះឱ្យច្បាស់នៅឡើយទេ។

«ហើយថ្មីៗនេះ ក៏មានការសិក្សាស្រាវជ្រាវពីអ្នកវេជ្ជសាស្ត្រ ក៏បានបង្ហាញនូវក្តីកង្វល់មួយទៀតថា វីរុស COVID-19 គេបានដាក់ការសង្ស័យថានឹងមានការបម្រែបម្រួល ដោយនិយាយមួយបែបមួយបែបទៀត គឺភាពសាហាវនៃការចម្លងមានល្បឿនលឿនជាងជំងឺ «សារ» និងជំងឺ «មើស» បើធ្វើការប្រៀបធៀប បើឆ្លងរកឃើញអ្នកផ្ទុកម្នាក់ វានឹងមានលទ្ធភាពឆ្លងទៅអ្នកដទៃចាប់ពី ៤ ទៅ៥នាក់ក្នុងពេលតែមួយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ឱ វណ្ណឌីន។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា វីរុស COVID-19 អត់មានប៉ាស្ព័រទេ ធ្វើចរាចរណ៍ដោយសេរី តាមការធ្វើចលនារបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ឬពីតំបន់មួយ ទៅតំបន់មួយ ដែលជាឱកាសហួចដៃ ទៅឱ្យវីរុស COVID-1 អាចធ្វើដំណើរទៅតាមពួកគាត់ ដូច្នេះ សង្កេតឃើញហើយថា អង្គការសុខភាពពិភពលោក បានដាក់ចេញនូវវិធានការណ៍ ហើយវិធានការនេះនេះ គេបានសិក្សាទៅឃើញថាមានប្រសិទ្ធភាពល្អ គឺគម្លាតសុវត្ថិភាពសង្គម និងគម្លាតពីបុគ្គលមួយទៅបុគ្គលមួយ ហើយការកាត់ផ្តាច់ការជួបជុំគ្នា ក្នុងកម្រិតគ្នាច្រើនកុះករ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងដែរថា អ្នកជាសះស្បើយចំនួន២នាក់ រួមមាន ជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ និងស្រ្តីជនជាតិបារាំង ជាភរិយា អាយុ២៨ឆ្នាំ ដែលជាឪពុកម្តាយរបស់ទារកអាយុ០៤ខែ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់តាមប្រទេសសាំងហ្គាពួរ និងស្នាក់នៅបណ្តោះអាសន្ន នៅម្តុំទួលទំពូង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវិដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកុមារជាតិទាំងអស់គ្នា។

ចំណែកអ្នកកំពុងសម្រាកព្យាបាលសរុបបានថយចុះមកត្រឹម ៣នាក់ ក្នុងនោះស្រ្តីម្នាក់ បុរស ២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត៕