(ស្វាយរៀង)៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់នៅក្រុងបាវិត និងបានរងផលប៉ះពាល់ដីលំនៅដ្ឋានដោយសារមានគម្រោងសាងសង់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើលូកាត់ចំកណ្តាលដីនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានអំពាវនាវសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធជួយដោះស្រាយ និងផ្តល់សំណងឲ្យបានសមរម្យ ទៅតាមតម្លៃទីផ្សារដី ខណៈសំណងដែលផ្តល់ឲ្យនៅមិនអាចទទួលយកបាននៅឡើយ។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី ញឹម ផលឡៃ អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានបញ្ជាក់ថា លោកស្រីមានផលប៉ះពាល់ប្លង់កម្មសិទ្ធិដីលំនៅដ្ឋាន ដោយសារមានគម្រោងសាងសង់របស់ ADB ធ្វើលូខ្នាតធំកាត់ដីរបស់លោកស្រី។

យ៉ាងណាក៏ដោយអាជ្ញាធរខេត្តស្វាយរៀង បានឲ្យដឹងថា ការទាមទាររបស់ប្រជាពលរដ្ឋមួយគ្រួសារមួយនេះខ្ពស់ពេក ខណៈប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារទៀត បានយល់ព្រមទទួលយក សំណងរួចហើយនោះ។

លោកស្រីបានបន្តថា កាលពីអំឡុងឆ្នាំ១៩៨៦ លោកស្រី និងក្រុមគ្រួសារ បានមករស់នៅលើដីភូមិនេះ បន្តរហូតដល់បច្ចុប្បន្ន ហើយកាលពីឆ្នាំ២០១៣ រដ្ឋក៏បានផ្តល់កម្មសិទ្ទិដីនេះមកលោកស្រី ស្របច្បាប់។

លុះនៅឆ្នាំ២០១០ លោកស្រីបានសង់បន្ទប់ជួលផ្នែកខាងកើតចំនួន ១១បន្ទប់ មានទទឹង ៤ម៉ែត្រ និងបណ្តាយ ៦ម៉ែត្រ។ នៅក្នុងឆ្នាំ២០១៤ បានសង់បន្ទប់ជួលផ្នែកខាងលិចចំនួន ៦បន្ទប់បន្ថែមទៀត មានទទឹង ៤ម៉ែត្រ និងបណ្តោយ ៦ម៉ែត្រ សព្វថ្ងៃកំពុងអាស្រ័យផល។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៩ កន្លងមក ផ្នែកខាងគំរោងអភិវឌ្ឍន៍ ADB បានសង់លូកាត់ទទឹងថ្នល់មកបើកមុខលូចំផ្លូវចេញចូលផ្ទះ របស់លោកស្រី តែលូកាត់ទទឹងផ្លូវនេះបានធ្វើរួចហើយ ទើបតែក្នុងពេលថ្មីៗគឺនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សាលាខេត្តស្វាយរៀង បានអញ្ជើញរូបគាត់ និងប្តីទៅចូលរួមធ្វើការវាស់វែងដីជាកម្មសិទ្ធិ យកមកសិក្សាផ្នែកផលប៉ះពាល់។

លោកស្រីបានបន្តថា ពេលទៅចូលរួមដោះស្រាយ, លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តបានប្រាប់ថា ម្ចាស់គំរោងត្រូវការដីទំហំទទឹង ៨ម៉ែត្រ ហើយរូបគាត់ជាម្ចាស់ដីសុំឱ្យបន្ថយមកត្រឹម ៧ម៉ែត្រ ព្រោះបើគំរោងយកទៅដល់ ៨ម៉ែត្រ វាប៉ះពាល់ដល់ដីកម្មសិទ្ធរបស់គាត់ខ្លាំងពេក ដែលផ្ទះរបស់គាត់មានជាបន្ទប់ជួលដែលមានភ្ញៀវកំពុងស្នាក់នៅ ដែលជាផលពិបាកគឺពិបាកក្នុងចេញចូលឡាន ម៉ូតូជាប្រចាំដែលមានលក្ខណៈផ្លូវតូចចង្អៀតខ្លាំងពេក។

លោកស្រីបានបន្ថែមថា លូដែលសាងសង់មានទហំចំនួនតែ ៥ម៉ែត្រប៉ុណ្ណោះ ដែលជាការបំភ្លឺរបស់ខាងម្ចាស់គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ដែលផលប៉ះពាល់មានបន្ទប់ជួល ៦បន្ទប់ ដែលមានភ្ញៀវកំពុងតែស្នាក់នៅ និងប៉ះពាល់ដល់របងរឹងមំា (ទាំងមុខ និងខាងក្រោយ) ដែលតំណាងក្រសួងហិរញ្ញវត្ថុ បានឲ្យតារាងវាយតម្លៃផលប៉ះពាល់លើដីកម្មសិទ្ធិ ដែលមិនអាចទទួលយក បានដោយប្រាប់ថាឲ្យលោកស្រី និងគ្រួសារពិចារណា។

លោកស្រី ញឹម ផលឡៃ បានបន្តទៀតថា នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០ វេលាម៉ោង ៨៖៣០នាទីព្រឹក សាលាខេត្តស្វាយរៀង បានអញ្ជើញលោកស្រី និងប្តីចូលរួមដោះស្រាយជាលើកចុងក្រោយ ពេលនោះលោកស្រីនៅតែសំណូមពរសុំទៅសាលាខេត្តស្វាយរៀង និងម្ចាស់គំរោង ADB សុំលក់ជូនតែទំហំដីទទឹង ៧ម៉ែត្រ ក្នុងនោះដីជាកម្មសិទ្ធរបស់លោកស្រីមានទទឹង ៥ម៉ែត្រ (សុំបន្ថយពីទទឹង ៨ម៉ែត្រឱ្យមកនៅតែ ៧ម៉ែត្រវិញ) តែខាងតំណាងម្ចាស់គំរោង, សាលាខេត្ត និងតំណាងក្រសួងហិរញ្ញវត្ថុមិនព្រម ដោយថា គំរោងមិនអាចកែប្រែបាន។

ឯតម្លៃនៃការប៉ះពាល់វិញ គឺខាងតំណាងក្រសួងហិរញ្ញវត្ថុ បានឱ្យរូបគាត់ និងគ្រួសារទទួលយកក្នុងតម្លៃ ៨០៥៦៥,១៣ដុល្លារ ដោយតម្លៃនេះខាងហិរញ្ញវត្ថុគិតហើយមិនមានការកែប្រែទេ ហើយថា បើរូបគាត់មិនទទួលយកទេ កុំថាមានការស្តាយក្រោយ។

លោកស្រីបានបន្ថែមថា ចំពោះតម្លៃដែលតំណាងក្រសួងហិរញ្ញវត្ថុវាយតម្លៃខាងលើនេះ លោកស្រី និងគ្រួសារមិនអាចទទួលយកបានទេ ដោយហេតុតម្លៃមានការខុសនិងតម្លៃទីផ្សារខ្លាំង។ ដូច្នេះហើយលោកស្រី ញឹម ផលឡៃ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ ជួយដោះស្រាយលើប្រាក់សំណងផលប៉ះពាល់ដីកម្មសិទ្ធិរបស់គាត់ឲ្យបានសមរម្យ និងយុត្តិធម៍ ដល់រូបលោកស្រី និងគ្រួសារផង។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឲ្យដឹងថា រឿងគម្រោងធ្វើលូនេះ គឺគណៈកម្មាធិការថ្នាក់ខេត្ត ជាអ្នកដោះស្រាយជាមួយក្រសួងសេដ្ឋកិច្ច ដោយមានក្រុមការងារធ្វើផ្លូវ និងប្រពន្ធ័លូ។

ចំណែកលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ពាក់ព័ន្ធការធ្វើប្រព័ន្ធលូនៅក្រុងបាវិតនេះ ដោយសារសំណូមពររបស់ម្ចាស់ដីខ្ពស់ពេក ដែលក្នុងការដោះស្រាយនេះ វាពុំមានលទ្ធភាពដោះស្រាយបានទេហើយជាង ១០០គ្រួសារបានសម្របសម្រួលអស់ហើយ នៅសល់តែគ្រួសារគាត់តែមួយប៉ុណ្ណោះ ដែលមិនទាន់យល់ព្រម ឥឡូវបានសម្របសម្រួលអស់ហើយរឿងនេះ។

លោកថា «ករណីនេះ លោកអភិបាលខេត្ត ក៏បានឲ្យសម្របសម្រួលឲ្យអស់លទ្ធភាពដែរគម្រោងនេះ បើមានការយឺតយ៉ាវវាប៉ះពាល់ដល់គម្រោងធំ ក្រុមការងារក៏បានដោះស្រាយឲ្យគ្រួសារ គាត់ជាថវិកាពី ៨ទៅ ៩ម៉ឺនដុល្លារ ហើយដែរតែពួកគាត់មិនយល់ព្រម»