(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា គោលដៅត្រួតពិនិត្យរឹតបណ្ដឹងច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស មានចំនួន៥៦៨គោលដៅ ក្នុងនោះគោលដៅអចល័ត ចំនួន៤៣៦, គោលដៅចល័ត៦៨ និងគោលដៅដើមទី ចំនួន៦៤។

នេះបើយោងតាមផែនការណ៍ដែល នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ទៀតថា សម្រាប់យុទ្ធនាការរឹងបណ្ដឹងច្បាប់ចរាចរណ៍ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០តទៅ នឹងប្រើប្រាស់កម្លាំងសរុបចំនួន ៣,៩១៩នាក់ ក្នុងនោះកម្លាំងនគរបាលចរាចរណ៍ ចំនួន៣,៥០៧នាក់ និងកម្លាំងសហការចំនួន៤១២នាក់ ដោយប្រើប្រាស់មធ្យោបាយ ចំនួន៣៦៤គ្រឿង (រថយន្ដ៦៦គ្រឿង និងម៉ូតូ២៩៨គ្រឿង)។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានឲ្យដឹងទៀតថា សម្រាប់ទីតាំងរក្សាទុកយានយន្ដល្មើសដែលត្រូវឃាត់ទុក និងកែតម្រូវ ត្រូវបានត្រៀមរៀបចំរួចជាស្រេច ខណៈបង្កាន់ដៃបង់ប្រាក់ពិន័យ ចំនួន២៥,០០០ក្បាល ក៏បានធ្វើការបែងចែកដល់គ្រប់អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសរួចរាល់ផងដែរ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ពីពេលវេលា នៃការចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ តាមអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ដែលទឹកប្រាក់ពិន័យក្នុងអនុក្រឹត្យថ្មីនេះ កើនពី៣ទៅ៥ដង។

សេចក្តីជូនដំណឹងរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវឱ្យបានជ្រាបថា ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ ដង»។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក៏រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា៕