(ភ្នំពេញ)៖ ក្រោយទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋថា មានការដ្ឋានសំណង់មួយកន្លែង បានបុកគ្រឹះសំណង់បង្កជាសំលេងខ្លាំងៗ រំខានដល់ដំណេករបស់ប្រជាពលរដ្ឋជិតខាងនោះ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨៖៣០នាទី អាជ្ញាធរខណ្ឌចំការមនលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យសំណង់អគារ ស្នាក់នៅរួមរបស់ឈ្មោះ ស៊ិន ចន្ធូ។

ការដ្ឋានសំណង់ ដែលបង្កការរំខានដល់ប្រជាពលរដ្ឋនេះ ស្ថិតក្នុងដីឡូតិ៍លេខ១៥៦ ផ្លូវលេខ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ទៅតំណាងក្រុមហ៊ុនថា មានបណ្តឹងពីប្រជាពលរដ្ឋរស់នៅជុំវិញការដ្ឋាន ១០គ្រួសារ ស្តីពីការបង្កសំឡេងរំខាននៅពេលយប់ដោយសារការសាងសង់។ ក្រុមការងារ បាន ចុះពិនិត្យឃើញថា ការដ្ឋានសាងសង់មានលិខិតអនុញ្ញាតបើកការដ្ឋានលេខ០២៣ អសណ /នសណ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាលទ្ធផល បន្ទាប់ពីការចុះពិនិត្យការដ្ឋានរួច ប្រធានក្រុមការងារបានណែនាំឲ្យម្ចាស់ការដ្ឋាន គោរពពេលវេលាធ្វើការដោយចាប់ផ្តើមធ្វើការពីម៉ោង០៧:០០នាទី និងបញ្ចប់ត្រឹមម៉ោង២០:៣០នាទី។

លោកអភិបាលរងខណ្ឌបញ្ជាក់ទៀតថា ក្នុងករណីដែលម្ចាស់ការដ្ឋាននៅបន្តសាងសង់ ដោយមិនគោរពតាមការណែនាំរបស់ក្រុមការងារទេ រដ្ឋបាលខណ្ឌចំការមន នឹងចាត់វិធានការផ្អាកការសាងសង់ ជាបណ្តោះអាសន្នក្នុងរយៈពេល ១ខែ ។

បន្ថែមពីនេះ ក្រុមការងារបានណែនាំឲ្យម្ចាស់ការដ្ឋានចំពោះវិធានការមួយចំនួនរួមមាន៖

*មិនត្រូវឲ្យមានកម្មករស្នាក់នៅក្នុងអគារ ដែលកំពុងសាងសង់ជាដាច់ខាត
*ហាមមិនឲ្យដាកសម្ភារសំណង់ និងកាកសំណល់ផ្សេងៗនៅលើចិញ្ចើមផ្លូវសាធារណៈជាដាច់ខាត
*ម្ចាស់ការដ្ឋានសំណង់ ត្រូវមានលិខិតធានាគុណភាពសំណង់ ចេញដោយវិស្វករអាជីពដែលបានចុះបញ្ជី ទទួលស្គាល់ពីក្រសួងរៀបចំដែនដី នគរបនីយកម្ម និងសំណង់
*នៅពេលដែលបញ្ចប់ការសាងសង់ ម្ចាស់ការដ្ឋានត្រូវស្តារប្រព័ន្ធលូឲ្យស្អាតឡើងវិញ៕