(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ»។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនពី លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សន្និសីទសារព័ត៌មាននេះ មានគោលបំណងបង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ ពីស្ថានភាព នៃដំណើរការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយវិលត្រឡប់ចូលបម្រើការងារវិញ ក៏ដូចជាវិធានការដាក់ឲ្យស្នាក់នៅដាច់ដោយឡែក នៅតាមបណ្ដាមណ្ឌលចត្តាឡីស័ក និងមណ្ឌលត្រួតពិនិត្យសុខភាពនានា ដែលក្រសួងបានអនុវត្តនាពេលកន្លងមក។

សូមរំលឹកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។

ក្រសួងការងារ បានឲ្យដឹងថា ដោយគិតចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសានេះ គឺមានរយៈពេលលើស ១៤ថ្ងៃ ហើយក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាល ក៏ពុំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី និងយោងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសំណាកទាំង១២៥ករណី ក្រសួងសម្រេចបញ្ចប់ ការត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង ៦៖០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយរក្សាទុកតែមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងវិទ្យាល័យជម្ពូវ័ន ដើម្បីបន្តតាមដានស្ថានភាពសុខភាពកម្មករចំនួន ២០នាក់តទៀត រហូតដល់ស្ថានភាពសុខភាពអ្នកទាំងនេះអាចទៅធ្វើចត្តាឡីស័កនៅតាមផ្ទះបាន៕