(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោក និងថវិការបស់សប្បុរសជនសរុបប្រមាណ ២១១,០០០ដុល្លារអាមេរិក ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើង នៅស្នាក់ការសាខាខេត្ត ដោយបានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា ព្រមទាំងគណៈកិត្តិយស សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត ជាច្រើននាក់ទៀត។

លោក កែវ រតនៈ បានសម្តែងការកោតសរសើរចំពោះសប្បុរសជន ក្នុងជួរគណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក ដែលបានខិតខំបំពេញតួនាទី លើវិស័យមនុស្សធម៌នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា។

លោកបានរំលឹកថា ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា និងតាមបណ្តាខេត្ត តែងតែប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ប៉ុន្តែសម្រាប់ ឆ្នាំនេះត្រូវបានអាកខាន ដោយសារនៅលើពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវជីងឺរាតល្បាតកូវីដ១៩។ តែទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តពោធិ៍សាត់ផងនោះ បានខិតខំប្រមែប្រមូល និងគៀងគរស្វែងរកក្រុមហ៊ុន និងសប្បុរសជនទទួលបានថវិកាចំនួន២១១,០០០ដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់បន្ត ដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត កាន់តែមានភាពរស់រវើក។

លោកបានស្នើឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចាត់ចែងប្រើប្រាស់ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព ចំគោលដៅ និងខិតខំស្វែងរកមូលនិធីបន្លែមទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយប្រការផ្សេងៗ ដូចករណីផ្ទុះឡើងនៃជំងឺកូវីដ១៩នាពេលកន្លងមកនេះ។

លោក ម៉ៅ ធនិន ក៏បានថ្លែងនូវអំណរគុណចំពោះលោក កែវ រតនៈ ព្រមទាំងសហការី តំណាងក្រុមហ៊ុន និងសប្បុរសជន ដែលបានចំណាយធនធានសម្រាប់ចូលរួមជួយទ្រទ្រង់ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៥៧ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» នៅខេត្តពោធិ៍សាត់។

លោកបានបញ្ជាក់ជូនទៀតថា ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ លោក កែវ រតនៈ ព្រមទាំងសហការី បានចូលរួមចំណែកយ៉ាងសកម្ម ដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះ លោកបានខិតខំ និងស្វែងរកធនធាន ពីបណ្តាក្រុមហ៊ុន និងសប្បុរសជន បានថវិកាចំនួន២១១,០០០ដុល្លាអាមេរិក ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត បញ្ចាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រកដ។

លោកបានសន្យាថា ប្រើប្រាស់ថវិកាទាំងអស់នេះ ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានោះ លោកក៏បានប្រគល់ជូនប័ណ្ណថ្លែងអំណរគុណជូនដល់ លោក កែវ រតនៈ នាពេលនោះផងដែរ៕