(ភ្នំពេញ)៖ ដើមឈើប្រភេទធ្នង់ប្រមាណជិត ១០០០ដើម ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដាក់ដាំពង្រាយអមតាមចិញ្ចើមផ្លូវជាតិលេខ៦អា ចាប់ពីរង្វង់មូលព្រហ្មមុខ៤ រហូតដល់វត្តវារិន្ទ សង្កាត់ព្រែកលៀប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ក្នុងគោលបំណងដើម្បីបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណ្ឌភាព បរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ។

ពិធីដាំដើមឈើធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅមុខវត្តមង្គលសិរីកៀនឃ្លាំងក្រោមអធិបតីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូត នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងលោក លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញផងដែរ។

លោក នួន ផារ័ត្ន បានលើកឡើងថា «ការដាំដើមឈើនៅពេលនេះ គឺដើម្បីពង្រីកនូវគម្របពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញ ដែលជាផែនការមួយនៅក្នុងចំណោមផែនការជាច្រើន ក្នុងនោះមាន ទីក្រុងវ័យឆ្លាតដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំប្លង់មេ Master Plan រួមមាន ការពង្រីកគម្របពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញផងដែរ»។

លោក នួន ផារ័ត្ន បានបន្តថា ការដាំដើមឈើនៅពេលនេះជាជំហានតូចៗ នៅក្នុងជំហានដ៏វែងឆ្ងាយ សំរាប់អភិវឌ្ឍន៍រាជធានីភ្នំពេញ គម្របបៃតងដែលនឹងធ្វើការពង្រីក និងចូលរួមលើកនៅសោភណ្ឌភាព រាជធានីភ្នំពេញផងក៏ដូចជាកាត់បន្ថយនៅផលប៉ះពាល់ពីការផ្លាស់ប្តូអាកាសធាតុផងដែរ។

លោកបញ្ជាក់ថា «ភ្នំពេញយើងបានរៀបចំជាទីក្រុងវៃឆ្លាតមានគម្របបៃតង។ យើងមានគម្រោងរួចហើយសម្រាប់គម្រោងអភិវឌ្ឍន៍ក្រុងឆ្នាំ២០១៥~២០៣៥ ដែលមានដូចជាគម្រោងស្ថាបនាផ្លូវ ក៏ដូចជាប្រឡាយ លូជាដើម ហើយគម្រោងនេះបានបង្កើតរួចហើយ ពោលគឺនៅតែការអនុវត្តឲ្យបានជោគជ័យប៉ុណ្ណោះ»

លោកបានបញ្ជាក់ទៀតថា មានមនុស្សមួយចំនួនតូច ស្អប់ឈើមឈើ ដោយសារតែដើមឈើនៅមុខផ្ទះគាត់ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងការរកស៊ីជាប្រចាំថ្ងៃរបស់ពួកគាត់ ប៉ុន្តែមានប្រជាពលរដ្ឋភាគច្រើន ពួកគាត់ស្រឡាញ់ដើមឈើ ដោយសារដើមឈើក្រៅផ្តល់ម្លប់ ពណ៌បៃតង ស្រស់ស្អាតហើយ វាបានកាត់បន្ថយជាតិពុលនៅក្នុងបរិស្ថានថែមទៀត មានន័យថា មានដើមឈើគឺមានក្តីសង្ឃឹម។

តំណាងឯកអគ្គរដ្ឋទូត នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក ម៉ៃឃើល យូបៀល បានចាត់ទុកថា ការដាំដើមឈើនៅពេលនេះ គឺដើម្បីអបអរខួបលើកទី៧០ នៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលប្រធានបទនៅក្នុងខែនេះ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន។

លោក ម៉ៃឃើល យូបៀល បានបញ្ជាក់ឲ្យដឹងថា ការដាំដើមឈើនោពេលនេះ គឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។

នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា តាមបណ្តោយផ្លូវជាតិលេខ៦Aនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើចំនួន១០០០ដើម។ ប៉ុន្តែសម្រាប់ពេលនេះ យើងដាំបានចំនួន ៨៨៦ដើម ហើយដែលជាប្រភេទឈើធ្នង់សុទ្ធ ដោយចាប់ផ្តើមដាំពីគល់ស្ពានជ្រោយចង្វាដល់ព្រំប្រទល់ខេត្តកណ្ដាល។

លោកបញ្ជាក់ថា ដើមឈើប្រភេទធ្នង់ប្រមាណជិតមួយពាន់ដើម ដែលមានអាយុកាលចន្លោះចាប់ពី៤ឆ្នាំទៅ៦ឆ្នាំ ដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ ត្រូវបានដាក់ដាំពង្រាយតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល៕