(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តក្រើនរំលឹក៣ចំណុច ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អនុសាសន៍៣ចំណុចរបស់ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង មានដូចជា៖

ទី១៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំប្រជាជនទូទៅប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ តាមរយៈទំព័រហ្វេសបុករបស់ សម្ដេចតេជោនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្រោមចំណងជើងថា «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងក្ខវីដ-១៩គ្រប់ពេលជានិច្ច» ហើយត្រូវនាំគ្នាអនុវត្ត តាមការណែនាំរបស់ សម្ដេចតេជោ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករកម្មការនី មិនត្រូវមើលស្រាលចំពោះជំងឺកូវី១៩ នោះឡើយ។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមទៅនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។

ទី២៖ ការបាត់បង់នូវការប្រុងប្រយ័ត្នក្នុងការការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩ គឺជាហានិភ័យខ្ពស់ក្នុងការបើកផ្លូវសម្រាប់ការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងហាក់បីដូចជាបានវិលត្រឡប់ មករកការធ្វើដំណើរចល័តដោយសេរី និងវិលមករកជីវភាពប្រចាំថ្ងៃឡើងវិញជាបណ្ដើរៗ ដោយខ្វះការប្រុងប្រយ័ត្ន និងការការពារខ្លួន។ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំយល់ច្រឡំថា ប្រទេសកម្ពុជា អស់មានការរាតត្បាតដោយវីរុសកូវីដ-១៩ឱ្យសោះ ហើយត្រូវតែនាំគ្នាបន្តទប់ស្កាត់ការចម្លង វីរុសដ៏កាចសាហាវនេះជាបន្តទៀត។

ត្រូវតែចងចាំថា ជាការចាំបាច់ណាស់ ដែលបុគ្គលគ្រប់រូបត្រូវតែបន្តអនុវត្តនូវវិជ្វាន់កាការពារការចម្លងវីរុសកូវី-១៩នានា ដែលនៅមានសុពលភាពនៅឡើយនេះឱ្យបានខ្ជាប់ខ្លួន កុំធ្វេសប្រហែសឬកុំភ្លេចខ្លួនឱ្យសោះ និងត្រូវតាមដានត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារខ្លួនឱ្យបានជាប់ជាប្រចាំ។ រីឯម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងហាងលក់ផ្សេងៗ សូមអនុវត្តនូវវិធានការដូចខាងក្រោមដើម្បី ការពារការឆ្លងវីរុសក្ខវីដ-១៩៖

* បុគ្គលិកបម្រើការនៅក្នុងហាងត្រូវពាក់ម៉ាស់ និងលាងសំអាតដៃ ជាមួយសាប៊ូនិងទឹកស្អាត ឬជាមួយអាល់ កុល ឬដែលលាងដៃ ឱ្យបានញឹកញាប់ ត្រូវមានទឹកអាល់កុល ឬទឹកដែលសម្រាប់លាងដៃ ឬសាប៊ូនិងទឹកស្អាត សម្រាប់ភ្ញៀវនៅមុខកន្លែងច្រក ចេញ-ចូល និងនៅក្នុងហាង បើកបង្អួចហាងឱ្យមានខ្យល់ និង ពន្លឺថ្ងៃ ចេញចូលបានល្អ (កាត់បន្ថយឱ្យបានជាអតិបរិមា ឬកុំបើក ម៉ាស៊ីនត្រជាក់)

* រៀបកៅអីអង្គុយឱ្យមានគម្លាតពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ រវាងក្មេងម្នាក់ទៅភ្ញៀវម្នាក់ទៀត ឬរៀបចំតុនិង កៅអីអង្គុយយ ០៤នាក់ ក្នុង ១០ម៉ែត្រការ៉េ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក

* ត្រូវសត់តុ និងកៅអី ដោយប្រើប្រាស់អាល់កុលបាញ់ និងជូតសម្អាតជាប់ជានិច្ច រាល់ពេលដែលភ្ញៀវក្រោកចេញ

* ចំពោះភោជនីយដ្ឋានដែលមានអាហារប៊ូហ្វេ មិនត្រូវផ្តុំគ្នា មិនត្រូវប្រជ្រៀតគ្នា ដោយរក្សាគម្លាតពីបុគ្គលម្នាក់ ម្នាក់ទៀតយ៉ាងតិច ១,៥ ម៉ែត្រឡើង ត្រូវប្តូរឧបករណ៍ចាប់ម្ហូបឱ្យបានញឹកញាប់ និងត្រូវសម្អាតទីកន្លែងដាក់ម្ហូប។ កិច្ចបន្ទាប់ពីភ្ញៀវបានប្រើជូតសម្អាតម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនភេសជ្ជៈញឹកញាប់បន្ទាប់ពីក្មេងម្នាក់ៗប្រើរូច

* លាងសម្អាតចាន ស្លាបព្រា សម កាំបិត សម្ភារៈប្រើប្រាស់ កម្រាលតុ និងធ្វើការបោកគក់ជាមួយសាប៊ូ ហាលថ្ងៃសម្អាតឱ្យបានត្រឹមត្រូវ - រក្សាអនាម័យចំណីអាហារ ដូចជារក្សាភាពស្អាតក្នុងផ្ទះបាយ លាងដៃ និងសម្ភារៈធ្វើម្ហូប ចម្អិនអាហារ បានឆ្អិនល្អ ទុកដាក់អាហារនៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា ទុកដាក់អាហារក្នុងសីតុណ្ហភាពសុវត្ថិភាព និងប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមល្អសម្រាប់ចម្អិនអាហារជាដើម។

ទី៣៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ យើងទាំងអស់គ្នាត្រូវដឹងថា វីរុសកូវីដ១៩ នៅជាមួយយើងនៅក្នុងរយៈពេលដែរដែលពិបាកនឹងប៉ាន់ប្រមាណបាន ហើយការចម្លងវីរុស កូវីដ-១៩ គឺត្រូវផ្តើមចេញពីបុគ្គលម្នាក់ៗ ជាចាំបាច់។ ដូច្នេះ ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ ទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយនៅពេលនេះ គឺជាពេលវេលាដែលយើងត្រសាមគ្គីភាពគ្នា ដោយមិនត្រូវមាក់ងាយ ឬរើសអើងគ្នានោះឡើយ។ បើទោះបីជាយើងឃើញថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ នៅកម្ពុជាមិនមានករណីថ្មីក៏ដោយ ប៉ុន្តែបណ្ដាប្រទេសជាតិខាងរបស់យើង និង សកលលោក បាន និងកំពុង មានការរាតត្បាតជំងឺនេះខ្លាំងនៅឡើយ ហើយអាកាសធាតុក្ដៅ និងភ្លៀង មិនអាចទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ បានឡើយ៕