(ប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងផ្តល់អំណោយស្បៀង ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានលើកឡើងថា ដោយសាររដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំ ជាមួយខ្យល់កន្ត្រក់ ផ្គរ រន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ ដើម្បីធានាបាន នូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញាប់រាយការណ៍ មកកាន់ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឲ្យក្រុមការងារ ចុទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ឲ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។

ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិ ទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លង រីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយ ត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនង សាកសួរព័ត៌មានបន្ថែមមកលេខ ១១៥។

សូមរំលឹកថា កាលពីវេលាម៉ោង១៦៖៤០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន១៥៤ខ្នងផ្ទះ រងការខូចខាត ក្នុងនោះក្រុងប៉ៃលិន ចំនួន២០ខ្នងផ្ទះ និងស្រុកសាលាក្រៅ ចំនួន១៣៤ខ្នងផ្ទះ ហើយអាជ្ញាធរខេត្ត បានឧបត្ថម្ភស្បៀង ដល់គ្រួសាររងគ្រោះ ក្នុង១គ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេះ ទឹកត្រី និងទឹកស៊ីអីវ១យួ ត្រីខ១យួ និងទឹកអាល់កុល លាងសម្អាតដៃ ១ដប៕