(កំពត)៖ ព្រះជលធីវាសី ញ៉ែត ចន្ទតារា ព្រះមេគណខេត្តកំពត តំណាងសម្តេចព្រះសង្ឃនាយកនៃកម្ពុជា បាននាំយកថវិកាគណៈសង្ឃនាយក រួមជាមួយថវិកា និងសម្ភារ បានមកពីការចូលរួមរបស់សាលាអនុគណទាំង៨ក្រុង ស្រុក និងសប្បុរសជន ទៅប្រគេនព្រះសង្ឃនៅតាមវត្តជនបទដាច់ស្រយ៉ាល ដែលខ្វះខាតចង្ហាន់កំលុងពេលរាតត្បាតនៃ COVID-19 ទូទាំងខេត្តកំពត ចំនួន២៩វត្ត។

ពិធីនេះក៏មានការចូលរួមពីព្រះសាគររង្សី គីម សំបូរ ព្រះបាឡាត់គណខេត្ត, ព្រះសង្ឃលិខិត សឹម ពន ព្រះវិន័យធរគណខេត្ត, ព្រះគ្រូធម្មចារី ហ៉ីង សុង ធម្មធរគណខេត្ត, ព្រះគ្រូចន្ទរង្សី ជឺ វណ្ណៈ ព្រះសមុហ៍គណខេត្ត, ព្រះគ្រូអនុគណស្រុក អាជ្ញាធរ និងតំណាងសមាគមសិស្សនិស្សិត បញ្ញវ័ន្តក្មេងវត្តសាខាខេត្តកំពតផងដែរនៅចុងសប្ដាហ៍នេះ ។

វត្តដែលរងផលប៉ះពាល់ខ្លាំង ទទួលបានការឧបត្ថម្ភក្នុងមួយវត្តរួមមាន៖ អង្ករ២បាវ (១០០kg), មី២កេស, ទឹកផ្លែឈើ១កេស, ត្រីខ១ឡូ, ទឹកត្រី, ទឹកស៊ីអ៊ីវ ២យួរ, ស្ករស២គីឡូ, និងបច្ច័យ៥០ម៉ឺនរៀល។ ដោយឡែកពុទ្ធបរិស័ទ ដែលអញ្ជើញចូលរួម ត្រូវបានព្រះមន្ត្រីសង្ឃខេត្ត ជូនថវិកាម្នាក់១ម៉ឺនរៀលផងដែរ។

សម្រាប់វត្តតេជោពង្រក ស្ថិតក្នុឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ជាវត្តដាច់ស្រយ៉ាល និងមានការខ្វះខាតជាងបំផុត ទទួលបានការឧបត្ថម្ភ ពីព្រះមន្ត្រីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃស្រុក លោកប្រធានបន្ទីរធម្មការខេត្តកំពត លោកអភិបាលស្រុកឈូក អាជ្ញាធរមូលដ្ឋាន និងសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត នូវបច្ច័យសម្រាប់សងថ្លៃជាងធ្វើដំបូលសាលាឆាន់ សរុប ៣,៥០០,០០០រៀលបន្ថែមលើថវិកាខាងលើនេះ៕