(កំពង់ឆ្នាំង)៖ ផែថ្មីប្រើសម្រាប់ជាចំណតទេសចរណ៍ និងជាកន្លែងលក់ដូរកសិផល ត្រីសាច់ផ្សេង ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សាងសង់សម្រេចបានប្រមាណ ៧០ភាគរយហើយ។ ផែថ្មីនេះ សាងសង់លើដីទំហំប្រមាណ ៦ហិកតា និងមានកម្ពស់ពីទឹក ៥ម៉ែត្រ។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះថា ការកសាងកំពង់ផែថ្មីនេះ ដើម្បីបង្កការងាយស្រួលដល់ប្រជាពលរដ្ឋជាអ្នករកស៊ីលក់ដូរ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ លោកបន្ដទៀតថា បើទោះបីប្រទេសជាតិ ស្ថិតនៅក្នុងកាលៈទេសៈប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ក៏ដោយ ក៏ដំណើរការសាងសង់កំពង់ផែថ្មីនេះ នៅតែដំណើរការជានិច្ច។

លោក សាំង គឹមស៊ន បានឱ្យដឹងថា ផែថ្មីនេះបន្ទាប់ពីសាងសង់រួចរាល់ អាជ្ញាធរ នឹងរៀបចំដាក់ឱ្យមានស្តង់លក់ត្រី ស្តង់លក់កសិផលនានា របស់ប្រជាកសិករ និងជាចំណតសម្រាប់ភ្ញៀវទេសចរចូលសំចត ដើម្បីឡើងទិញទំនិញនៅក្នុងផ្សារឆ្នុកទ្រូ ឬក៏ទៅទស្សនាប្រាសាទកំពង់ព្រះ ដែលនៅក្បែរនោះផងដែរ។

ជាមួយគ្នានេះ លោកមេឃុំ ក៏សូមបដិសេធព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គមកន្លងមកថា អាជ្ញាធរចាក់ដីពុះជាឡូតិ៍លក់ នៅចំណុចដែលកំពុងកសាង កំពង់ផែថ្មីនេះ។ លោកបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយនោះ ជាព័ត៌មានមិនពិតនោះឡើយ។

អាជ្ញាធរឃុំឆ្នុកទ្រូ តំណាងឱ្យប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារជាតិចុះជួយខេត្តកំពង់ឆ្នាំង និងអាជ្ញាធរខេត្ត ដែលបានផ្លួចផ្តើមកសាងកំពង់ផែថ្មីនេះ។ កំពង់ផែថ្មីនេះ នឹងជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋ ឱ្យមានកំពង់ផែត្រឹមត្រូវ សម្រាប់ចូលចតទូកកាណូត ដើម្បីលក់ត្រី និងកសិផល៕