(ឡុងដ៍)៖ ក្រសួងសុខាភិបាលអង់គ្លេសនាថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន៨១៣នាក់ទៀត នៅចក្រភពអង់គ្លេសទើបតែបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

បូកបន្ថែមជាមួយតួលេខអ្នកបាត់បង់ជីវិតថ្មីខាងលើ នាពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលស្លាប់នៅក្នុងចក្រភពអង់គ្លេស បានកើនដល់២០,៣១៩នាក់ហើយ។ ប្រការនេះធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាប្រទេសទី៥ នៅលើពិភពលោក ដែលមានចំនួន អ្នកស្លាប់លើសពី២ម៉ឺននាក់។ ក្រសួងសុខាភិបាលអង់គ្លេស ក៏បានប្រកាសពីការរកឃើញករណីឆ្លងថ្មីចំនួន៤,៩១៣នាក់ផងដែរ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១៤៨,៣៧៧នាក់។

គួរជម្រាបថា ប្រទេស៤ទៀតដែលមានអ្នកជំងឺ COVID-19 ស្លាប់លើសពី២ម៉ឺននាក់ រួមមានសហរដ្ឋអាមេរិក អ៉ីតាលី អេស៉្បាញ និងបារាំង៕