(ព្យុងយ៉ាង)៖ គីម ជុនអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (KPRK) បានថ្លែងទៅកាន់ពលរដ្ឋទូទាំងប្រទេសកូរ៉េខាងជើងថា ការបំផ្ទុះសាកល្បង​គ្រាប់​បែកអ៊ីដ្រូសែននេះ គឺដើម្បីរក្សាស្ថិរភាពក្នុងតំបន់ នេះ​បើយោងតាមការ​ចេញផ្សាយរបស់​សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។

«ការធ្វើតេស្ដ​គ្រាប់បែកអ៊ីដ្រូសែន គឺជាជំហានមួយសម្រាប់ការពារខ្លួនឯង និងដើម្បីរក្សា​ការពារ​សន្ដិភាពនៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសគឺ​សន្ដិភាពនៅក្នុងតំបន់​ពីគ្រោះថ្នាក់នៃ​សង្គ្រាម​នុយក្លេអ៊ែរ ដែលបង្កឡើងដោយចក្រពត្តិ ដែលមានអាមេរិកជាមេដឹកនាំ»។ នេះជាសំដីរបស់​លោក គីម ជុនអ៊ុន បានថ្លែងទៅកាន់មន្ត្រីយោធា និងពលរដ្ឋរបស់ខ្លួន។

មេដឹកនាំវ័យក្មេងរូបនេះ បានបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា «វាជាសិទ្ធិស្របច្បាប់​របស់​រដ្ឋ​មានអធិបតេយ្យភាព និងជាសកម្មភាព​ត្រឹមត្រូវដែលគ្មាន​នរណា​ម្នាក់​អាចរិះគន់បាន»។

គួរបញ្ជាក់ផងដែរថា ប្រទេសឯកោមួយនេះ បានទទួលរងការស្ដីបន្ទោស និងការទាក់ទណ្ឌកម្ម​យ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសជិតខាង និងពិភពលោក ក្រោយពេលដែលបានបំផ្ទុះ​សាកល្បង​គ្រាប់បែកអ៊ីដ្រូសែន ប៉ុន្តែកូរ៉េខាងជើង មិនខ្វល់ពីមតិរិះគន់ និងការដាក់ទណ្ឌកម្ម​ឡើយ ពោលគឺកាន់តែខ្លាំងដៃឡើងថែមទៀត ខណៈដែលបច្ចុប្បន្នមានមិត្តភក្ដិមិនសូវជិតស្និទ្ធិ​មួយ​គឺចិន៕