(បន្ទាយមានជ័យ)៖ នៅព្រឹថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួច​ជាអធិបតី​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្តីសម្រេចការបែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ជួយមេបញ្ជាការលើការងារតាមជំនាញនីមួយៗ ។

ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរងទទួលជំនាញ នាយរងសេនាធិការ នាយ-នាយរងការិយាល័យ នាយ ទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា យោងបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានដាក់បទបញ្ជាឲ្យអាវុធ
ហត្ថទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់លើការហូបចុកប្រចាំថ្ងៃ។

ដោយឡែកនៅក្នុងកិច្ចប្រជុំព្រឹកនេះដែរ លោកឧត្តមសេនីយ៍ត្រី បានដាក់ផែនការឲ្យមេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក និងការិយាល័យជំនាញចំណុះបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ត្រូវតែដាំដំណាំគ្រាប់ប្រភេទ និងចិញ្ចឹមសត្វផងដែរ។

ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមេរោគកូរ៉ូណា (COVID-19) ថ្វី
ត្បិតតែប្រទេសកម្ពុជាយើង​ មានការថយចុះនៃការឆ្លងក៏ពិតមែន ប៉ុន្តែនៅលើពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ។

ដូច្នេះសូមកងកម្លាំងទាំងអស់ត្រូវតែធ្វើអនាម័យជាប្រចាំ និងពាក់ម៉ាស លាងសម្អាតដៃនឹងទឹកអាល់កុលឬជែល ដើម្បីការពារ​និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ៕