(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩ (COVID-19) ជាមួយរាជរដ្ឋាភិបាល និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអគ្គស្នងការរងនគរបាលជាតិ បានចាត់តំណាងឲ្យលោក ឈី ហុង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងមន្រ្តីជំនាញ បាញ់ថ្នាំការពារសម្លាប់មេរោគ នៅតាមអគារបន្ទប់ការិយាល័យធ្វើការ សាលប្រជុំ អគារស្នាក់នៅ និងឃ្លាំងដាក់សម្ភារៈ ដើម្បីទប់ស្កាត់ការឆ្លង ជម្ងឺកូវីដ១៩ (COVID-19) និងដើម្បីរក្សាសុកមាលភាព មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស។

ឧត្តមសេនីយ៍ឯក យឹម លាង ក៏បានលើកឡើងថា ទោះបីបច្ចុប្បន្នប្រទេសកម្ពុជាយើងមិនមានអ្នកឆ្លងជម្ងឺកូវីដ១៩ (COVID-19) បន្តទៀត ក្រៅពីអ្នកដែលបានឆ្លង និងបានជាសះស្បើយក៏ដោយ ប៉ុន្តែយើងទាំងអស់គ្នាក៏មិនត្រូវភ្លេចខ្លួនក្នុងការការពារខ្លួនពីជម្ងឺនេះជាដាច់ខាច ដោយយើងទាំងអស់គ្នា ត្រូវរក្សាអនាម័យឲ្យបានខ្ពស់ជាប្រចាំ ដោយត្រូវពាក់ម៉ាសការពារ លាងដៃឲ្យបានញឹកញាប់ជាមួយអាល់កុល ឬជែលលាងដៃ។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៧នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១៧នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ធ្លាក់ចុះមកត្រឹមចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ៕