(កណ្ដាល)៖ ក្រោយទទួលបានព័ត៌មានករណីបាក់ច្រាំងទន្លេបាសាក់ដែលចេះតែបាក់ខ្លាំងទៅៗ នៅចំណុចភូមិស្ថិតនៅភូមិ ព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ នៅទល់មុខបង្គោលព្រំដែនលេខ ២៤៥/៤(២) វៀតណាម ស្ថិតនៅភូមិអានហ្វា ឃុំខាន់អាង ស្រុកអានភូ ខេត្តអានយ៉ាង, មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាល បានចុះទៅពិនិត្យម្ដងទៀតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ដើម្បីបង្កើនការទប់ស្កាត់ ដោយវិធីដាក់បាវខ្សាច់ និងវិធីសាស្ត្រផ្សេងៗទៀត។

សកម្មភាពដឹកនាំមន្ត្រី និងគណៈកម្មាធិការអន្តរក្រសួង ចុះពិនិត្យមើលជាលើកទី២នេះ​ ដឹកនាំដោយលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ។

ក្រុមការងារ បានចុះពិនិត្យឃើញថា ត្រូវសាងសង់ជា ២ដំណាក់កាលគឺដំណាក់កាលទី១ សាងសង់ច្រាំងការពារបណ្តោះអាសន្ន ប្រវែង ១៥០ម៉ែត្រ ដោយប្រើវិធីសាស្រ្តបូមខ្សាច់ច្រកបាវ ជីអូ (Geo Bag) ទ្រាប់ការពារជើងក្រោមមាត់ ច្រាំងទន្លេ រហូតដល់ផ្នែកខាងលើ ដើម្បីការពារក្នុងការបញ្ជៀស និងកាត់បន្ថយចរន្តទឹកផ្នែកខាងក្រោមបាតទន្លេ មកបុកស៊ីតាមមាត់ច្រាំងទន្លេ។ ដំណាក់កាលទីពីរ មានប្រវែង ១,១៤០ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងចុះអនុអវត្តឆាប់ៗនេះ។

ចំណែកឯបង្គោលព្រំដែនបន្ថែមលេខ ២៤៦/២(១) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ នៅទល់មុខបង្គោលព្រំដែនលេខ២៤៦/២(២) ខាងភាគីវៀតណាម ស្ថិតនៅភូមិវឹកថៃ ឃុំវឹកថៃ ស្រុកអានភូ ខេត្តអានយ៉ាង ត្រូវបានសាងសង់ច្រាំងការពារប្រវែង ១០០ម៉ែត្រ ចែកជាពីរដំណាក់កាលផងដែររួមមាន៖

*ដំណាក់កាលទី១៖ ក្រុមការងារបច្ចេកទេស បានសាងសង់បានប្រវែង ២០ម៉ែត្រ ដោយសង្គ្រោះបង្គោលព្រំដែនរួចផុតពីការធ្លាក់ចូលក្នុងទឹកជាស្ថាពរ
*ដំណាក់កាលទី២៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ការបើកការដ្ឋានសាងសង់ច្រាំងការពារបង្គោលលេខ២៤៦/២(១) ប្រវែង ៨០ម៉ែត្រទៀត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសបានអនុវត្តការងារ សម្រេចបានលទ្ធផល ប្រមាណ ៦៥ភាគរយហើយ។

លោក ឡាំ ជា បានស្នើដល់ក្រុមការងារបច្ចេកទេសឲ្យជួយជំរុញពន្លឿនការងារឱ្យបានកាន់តែឆាប់រហ័ស ព្រោះយើងនឹងប្រឈមបញ្ហាកាន់តែធ្ងន់ធ្ងរនៅពេលដែលរដូវទឹកឡើង ធ្វើឱ្យយើងមាន ការលំបាកក្នុងការអនុវត្តគម្រោង ហើយបង្កការបាក់ច្រាំងកាន់តែច្រើនឡើងថែមទៀត៕