(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកស្បៀងអាហារមួយចំនួនចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ស្បៀងអាហារដែលនាំទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នោះរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខ។ ក្រៅពីការនាំយកស្បៀងអាហារចែកជូនពលរដ្ឋរងគ្រោះហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានដឹកនាំកងកម្លាំងជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតនោះផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំប្រជាពលរដ្ឋឱ្យចេះរក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ដោយត្រូវពាក់ម៉ាស ឬក្រម៉ា រក្សាអនាម័យ ឧស្សាហ៍លាងដៃ កុំនៅកៀកគ្នា ហើយបេីគ្មានការចាំបាច់គួរនៅផ្ទះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានផ្តាំផ្ញេីឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តចុះតាមខ្នងផ្ទះរកឱ្យឃេីញអ្នកដែលមានជីវភាពលំបាក ជួយដោះស្រាយពួកគាត់ឱ្យបានទាន់ពេលវេលា៕