(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោក ហេង ពិទូ អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំយុវជនសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងស្រុកទឹកផុស ដើម្បីបំផុសផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន នៅផ្សារភូមិចាស់ ឃុំតាំងក្រសាំង និងផ្សាររមាស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សាំង សុឃឿន អភិបាលស្រុកស្ដីទីព្រមទាំង អាជ្ញាធរឃុំ កងកម្លាំងមាន សមត្ថកិច្ចចូលរួមផងដែរ។

ក្នុងនោះក្រុមការងារបានណែនាំអំពីវិធានការការពារការរីករាលដាល នៃមេរោគកូវីដ-១៩ ក្នុងពេលលក់ដូរ ប្រកបការងារផ្សេងៗ និងការធ្វើដំណើរ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមទីសាធារណៈ និងដោយបានចាក់ឃោសនសព្ទ និងចែកខិតប័ណ្ណបិទសារអប់រំ នៅតាមហាងលក់ដូរ និងកន្លែងធ្វើដំណើរ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យ និងដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ថ្មីនេះ។

ក្នុងឱកាសនោះដែរលោក ហេង ពិទូ បានប្រគល់សម្ភារជូនដល់ ស.ស.យ.ក.ស្រុកទឹកផុស រួមមាន៖ ម៉ាស់៤០០, ខិតប័ណ្ណ ១០០០សន្លឹក, បដា ១.៥ម×៤ម ២ផ្ទាំង, អាល់កុល ២យួរ និងថវិកា ចំនួន ២០០ ០០០រៀល ដល់ ស.ស.យ.ក.ស្រុក និងឃុំផងដែរ។

ក្នុងការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខាងលើនេះ លោក ហេង ពិទូ បានប្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារទាំងអស់មេត្តាបន្ត និងបង្កើនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះវិធានការការពារការរីករាលដាល នៃជំងឺកូវីដ-១៩នេះ កុំមានការធ្វេសប្រហែសឲ្យសោះ បើទោះជាបច្ចុប្បន្នប្រទេសកម្ពុជា មិនទាន់រកឃើញអ្នកដែលឆ្លងថ្មី និងអ្នកដែលបានជាសះស្បើយវិញ ជាច្រើននាក់ក៏ដោយ ក៏មិនត្រូវភ្លេចខ្លួននោះដែរ ខណៈដែលពិភពលោកមិនទាន់រកវ៉ាក់សាំង ឬក៏ថ្នាំព្យាបាលនៅឡើយនោះ៕