(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុម ការងារខេត្ត ចុះពិនិត្យស្ថានភាព នៃការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងការពង្រឹងអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្ថិតនៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

លោកអភិបាលខេត្ត បានកោតសរសើរចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមនកន្លងមក ដែលបានខិតខំអនុវត្តតួនាទី ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយភាគីវៀតណាម ពិសេសក្នុងការសម្របសម្រួល លើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដោយបញ្ជៀសបាននូវការកកស្ទះ។

លោកអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ច ដែលឈរជើងនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមនទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានម៉ឺងម៉ាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តពាក់ព័ន្ធ នឹងការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន រវាងប្រជាពលរដ្ឋប្រទេសទាំងពីរ។

ដោយឡែកចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រួល និងរក្សាឲ្យបាននូវស្ថិរភាព លំហូរចរាចរទំនិញ នាំចេញ-នាំចូល ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការរួមគ្នា ពង្រឹងកិច្ចអនុវត្ត វិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធានការចត្តាឡីស័ក ដូចជាការបាញ់ថ្នាំកម្ចាត់មេរោគ លើរថយន្តដឹកទំនិញជាដើម រហូតដល់ ស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ៕