(បាត់ដំបង)៖ ក្រុមហ៊ុនចិន «ជឹងហៃណាអ៉ិនដាសស្ទ្រីឯ.ក» (ZHENGHAINA INDUSTRY Co.,ltd) ដឹកនាំដោយលោក ZHOU YU HUI ជាប្រធាន និងសហការីទាំងអស់នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានចូលជួបលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តតំណាងលោក ងួន រតនៈ អភិបាលខេត្ត ដើម្បីផ្តល់ជូនសម្ភារការពារវីរុស COVID-19 មួយចំនួនជូនរដ្ឋបាលខេត្ត សម្រាប់ចែកបន្ត ជូនក្រុមការងារ តាមមូលដ្ឋាន និងជូននៅទីស្នាក់ការ ស.ស.យ.ក ខេត្ត។

លោក សឿម ប៊ុនរិទ្ធ បានឲ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមលោកអភិបាលខេត្ត សូមថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន «ជឹងហៃណាអ៉ិនដាស់ ស្ទ្រីឯ.ក» ដឹកនាំដោយលោក ZHOU YU HUI ដែលបាននាំអំណោយជាសម្ភារសម្រាប់ការពារវីរុស COVID-19 មួយចំនួន ជូនរដ្ឋបាលខេត្តបាត់ដំបង នាពេលនេះ ទុកសម្រាប់ចែកបន្តយកទៅប្រើប្រាស់ការពារ ឆ្លងជំងឺ COVID-19។

លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា សម្ភារដែលក្រុមហ៊ុនត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តនោះរួមមាន៖

*ទី១៖ ម៉ាស៊ីនបាញ់ថ្នាំកំចាត់មេរោគចំនួន ៣គ្រឿង
*ទី២៖ ទឹកថ្នាំ០២តោន (មាន៣០ប៊ីដុង និង ៣០ធុង)
*ទី៣៖ សាប៊ូ ៣០០០ដុំ ទុកសម្រាប់ប្រើប្រាស់ការពារឆ្លងរោគដ៏សាហាវ១នេះ។

លោក ZHOU YU HUI បានឲ្យដឹងថា ដើម្បីការពារ ទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងCOVID-19 បន្តទៀតនៅខេត្តបាត់ដំបង ក្រុមហ៊ុនរបស់លោកបានចែកជូនសម្ភារការពារនេះ ជាបន្តបន្ទាប់នៅតាមស្ថានប័ននានា។

លោក ZHOU YU HUI បានបញ្ជាក់ថា អំណោយដែលបានចែកជូននាថ្ងៃនេះ គឺក្នុងនាមមនុស្សធម៌របស់ប្រទេសមហាមិត្តចេះជួយគ្នា ក្រោមទិសស្លោកថា «យើងជាប្រទេសផ្សេងគ្នា ប៉ុន្តែយើងជាគ្រួសារក្នុងគ្រាលំបាក»

ក្រោយពីចែកអំណោយ និងបង្រៀនរបៀបប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំជូនដល់មន្រ្តីសាលាខេត្ត ហើយបានបន្តដំណើរទៅចែកជូនសម្ភារនេះនៅទីស្នាក់យុវជន ស.ស.យ.ក ខេត្ត ដែលមានលោក យី សុងគី អនុប្រធានប្រចាំការ និងប្រធាន ស.ស.យ.ក ក្រុង ស្រុកក្នុងខេត្តរងចាំទទួលផងដែរ។

លោក យី សុងគី អនុប្រធាន ស.ស.យ.ក ក្នុងនាមលោក ស សុខា អនុប្រធានទទួល៣ខេត្ត សូមថ្លែងអំណរគុណដល់ប្រតិភូក្រុមហ៊ុន ដែលបាននាំអំណោយទាំងនេះយកមកចែកជូន ហើយលោកនឹងចែកបន្តទៅតាមបណ្តា ស.ស.យ.ក ក្រុងស្រុកទាំង១៤ ទុកសម្រាប់ប្រើប្រាស់ការពាររោគឆ្លងមិនឲ្យមានមេរោគនេះមានបន្តទៀតបានឡើយ។

លោក យី សុងគី បានសំណូមពរដល់ក្រុមហ៊ុនចិននេះ បន្តជួយដល់យុវជនយើងនូវវិស័យផ្សេងៗទៀតផងដែរ ដូចជាវិស័យអប់រំជាដើម។ ហើយបានប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនផងដែរ៕